ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងផែនការនឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃនៅថ្ងៃទី ៨-៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងផែនការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងផែនការ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ក្រសួងនឹងរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន និងថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨-៩ ខែមេសា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងផែនការ។

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រៀបចំឡើងក្នុង គោលបំណង ត្រួតពិនិត្យ វាយតម្លៃសមិទ្ធផល និងវឌ្ឍនភាពការងារក្នុងក្រសួងផែនការឆ្នាំ២០២៣ ដោយឆ្លុះ បញ្ចាំងឱ្យឃើញចំណុចខ្លាំង បញ្ហាប្រឈម ក្នុងវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ ដែលត្រូវបន្ត ពង្រឹង និងកែលម្អឱ្យប្រសើរឡើង ព្រមទាំងលើកទិសដៅការងារឆ្នាំ២០២៤ ដើម្បីចូលរួមចំណែក អនុវត្តយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

នៅថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ព្រមទាំងដឹកនាំកិច្ចពិភាក្សាការងារ នាពេលកន្លងមក លើសមិទ្ធផលនិងវឌ្ឍនភាពការងាររបស់ក្រសួងផែនការ ព្រមទាំងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់។

នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតនេះ ព្រមទាំងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ណែនាំតម្រង់ទិសដល់ក្រសួងផែនការ សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាបាវចនា និងជាមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបានចក្ខុវិស័យនៅកម្ពុជាឆ្នាំ២០៥០ ៕

ដោយ ៖ សិលា


ចែករំលែក៖