ព័ត៌មានទាន់ហេតុការណ៍៖

ពេលនេះសមត្ថកិច្ចបញ្ជូនខ្លួនលោក ដែន សូនី ទៅតុលាការហើយ ករណីប្រើអំពើហិង្សាវាយបោចសក់ស្រ្តីភេទ

ចែករំលែក៖

ភ្នំពេញ ៖សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនបុរសរហស្សនាម ដែន សូនី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធសំណុំរឿងប្រើអំពើហិង្សាដោយចេតនាលើនារីម្នាក់ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅ និងសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។

សូមជម្រាបថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុកគេបានបង្ហោះឃ្លីបវីដេអូមួយផ្សាយតៗគ្នាយ៉ាងព្រោងព្រាត ករណីបុរសឈ្មោះ ដែន សូនី ប្រើអំពើហិង្សាវាយបោចសក់លើនារីម្នាក់យ៉ាងព្រៃផ្សៃ ហើយក៏មានមតិរិះគន់ជាច្រើនទៅលើឃ្លីបវីដេអូនោះ វាយប្រហារទៅលើបុរសដែន សូនី ទៀតផង ។ ករណីខាងលើនោះក៏បានជ្រាបព័ត៌មានដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាស្នងការជំនាញព្រហ្មទណ្ឌ បានចាត់វិធានការជាបន្ទាន់ដោយមិនអនុញ្ញាតឱ្យបុគ្គលនោះ ប្រព្រឹត្តអំពើហិង្សាលើស្រ្តីភេទបានរួចខ្លួនឡើយ ។

ដោយឃើញករណីកន្លងមកធ្លាប់សម្ដែងហើយសុំទោសរួចខ្លួន ប៉ុន្តែលើកនេះអត់រួចខ្លួនទេ មុននេះលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះថា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ម៉ម សាវន នាយការិយាល័យ បានធ្វើការឃាត់ខ្លួនឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (ឈ្មោះ លើហ្វេសប៊ុក DEN SONY) អាយុ៣៥ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្ដាញសង្គម ក្រោយបែកធ្លាយសារក្នុងឆាតនិងវីដេអូឃ្លីប ដែលត្រូវបានគេស្គាល់ថា លោក ដែន សូនី បានចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅ រួចយកដៃវាយមុខជនរងគ្រោះមួយដៃ ប្រព្រឹត្តនៅចំណុច បន្ទប់ជួលលេខ ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ។

ស្ត្រីរងគ្រោះមានឈ្មោះ សំ លក្ខណា អាយុ២៥ឆ្នាំ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ កាលពីយប់ថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ បានបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌឱ្យដឹកនាំកម្លាំងចុះស្រាវជ្រាវនិងឃាត់ខ្លួនបុរសនោះជាបន្ទាន់ ដើម្បីយកមកសាកសួរ ហើយនិងកោះហៅឱ្យបុរសនោះចូលខ្លួនមកសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឬនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មុនពេលសមត្ថកិច្ចចុះទៅឃាត់ខ្លួន ។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បាន បញ្ជាក់ថា”សមត្ថកិច្ចយើងខ្ញុំមិនមានពេលប្រេង (Prank)ជាមួយទេ ។ ខ្ញុំបញ្ជាទៅផែនព្រហ្មទណ្ឌរួចហើយ” ។

ពាក់ព័ន្ធនឹងរឿងសម្ដែងហើយសុំទោសរួចខ្លួនខាងលើនេះមហាជន ពិសេសអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា នៅប្ដីប្រពន្ធមួយគូពីរគូទៀត ពូកែសម្ដែងធ្វើជាឈ្លោះគ្នាតាមអនឡាញ អនាគតនៅតែសម្ដែងទៀត គួរចាប់បញ្ជូនទៅតុលាការដែរ ប្រហែលជាលែងហ៊ានសម្ដែងឈ្លោះគ្នាទៀតហើយ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ដែន សូនី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖