ភ្នំពេញ ៖ ទីស្តីការក្រសួង នាល្ងាចថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ផែនការគ្រប់គ្រង និងវិធានការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវដែក” ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក John Guiry នាយកប្រតិបត្តិ ក្រុមហ៊ុនរ៉ូយ៉ាល់រ៉េលវេ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៦០រូប។
នៅក្នុងសន្និសីទសារព័ត៌មាន លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីផែនការគ្រប់គ្រងសុវត្ថិភាព និងវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវដែក ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖
១. វិធានការបន្ទាន់ចំពោះមុខ៖
– ទី១៖ ការដាក់របារ និងការបំពាក់ហេដ្ឋារចនាសម្ព័ន្ធការពារសុវត្ថិភាព
– ទី២៖ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍
– ទី៣៖ ការអប់រំផ្សព្វផ្សាយ
២. វិធានការរយៈពេលមធ្យម និងរយៈពេលវែង៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង នឹងបន្តការពិភាក្សាជាមួយក្រុមហ៊ុន និងរៀបចំផែនការលម្អិតក្រោមក្របខ័ណ្ឌនៃការចរចា និងការរៀបចំកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មីឡើងវិញ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូន នៅក្នុងសន្និសីទសារព័ត៌មាននេះ ពីផែនការអភិវឌ្ឍផ្លូវដែកនៅកម្ពុជាផងដែរ៕
ដោយ ៖ សិលា