ខេត្តសៀមរាប ៖ ក្រុមការងារកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ រដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មីរយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ជាមួយនឹងការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន ក្រុមការងារបាននឹងកំពុងរៀបចំ តុបតែង លម្អភ្លេីង និងរៀបចំកន្លែងកម្សាន្តជាច្រេីនក្នុងក្រុងសៀមរាប ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត។
សូមបញ្ជាក់ថា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យបានល្អតាមរយៈការតុបតែងលម្អ និងរៀបចំកម្មវិធីកម្សាន្តសប្បាយនានាជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែនដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។ ពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ៕
ដោយ ៖ សិលា