សារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមេសា បានផ្សាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃសុក្រ ទី៥ ខែមេសាបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យលើការស្លាប់របស់បុគ្គលិកមនុស្សធម៌ ១៩៦នាក់ដែលត្រូវបានសម្លាប់ក្នុងតំបន់ហ្កាហ្សា អំឡុងសង្រ្គាមរវាងអ៉ីស្រាអែល នឹងក្រុមហាម៉ាស់។
ការខឹងសម្បាជាសកលជុំវិញវិបត្តិមនុស្សធម៌នៅក្នុងតំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនចំនួន ២.៣ លាននាក់បានកើនឡើង បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អុីស្រាអែលកាលពីថ្ងៃចន្ទ ដែលបានសម្លាប់មនុស្ស ៧ នាក់ដែលធ្វើការឱ្យអង្គការអាហារសប្បុរសធម៌ World Central Kitchen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
អ៉ីស្រាអែលកាលពីថ្ងៃសុក្រនោះដែរ បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនជុំវិញការវាយប្រហារលើក្បួនរថយន្ដដឹកជំនួយរបស់អង្គការ World Central Kitchen បាន រកឃើញពីកំហុសធ្ងន់ធ្ងរ និងការរំលោភបំពានលើបទដ្ឋានស្ដង់ដារ។ យ៉ាងណាក៏ដោយ លោក Guterres បានលើកឡើងថា ខណៈរដ្ឋាភិបាលអ៉ីស្រាអែលពិតជាបានទទួលស្គាល់កំហុស ប៉ុន្តែបញ្ហាមិនមែននៅត្រង់ថា តើនរណាជាអ្នកប្រព្រឹត្តកំហុសនោះទេ វាគឺជាបញ្ហាយុទ្ធសាស្ត្រយោធា និងការអនុវត្តនីតិវិធីដែលអនុញ្ញាតឱ្យកំហុសទាំងនោះកើតឡើងម្ដងហើយម្ដងទៀត។ ប្រមុខ UN រូបនេះបន្តទៀតថា «បុគ្គលិកជំនួយមនុស្សធម៌១៩៦នាក់ត្រូវបានសម្លាប់ ហើយយើងចង់ដឹងថាហេតុអ្វីបានជាពួកគេម្នាក់ៗ ត្រូវបានសម្លាប់»។
ជុំវិញការវាយប្រហារសម្លាប់បុគ្គលិកមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា យោធាអ៉ីស្រាអែលបាន
បណ្ដេញមន្ត្រី២នាក់ចេញពីតំណែង និងបានបន្ទោសជាផ្លូវការលើ មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន ២រូប។ អុីស្រាអែលក៏បានយល់ព្រមបើកច្រក Erez ទៅកាន់ភាគខាងជើងហ្គាហ្សា និងការប្រើប្រាស់បណ្តោះអាសន្ននៃកំពង់ផែ Ashdod នៅភាគខាងត្បូងអុីស្រាអែលផងដែរ ក្រោយប្រធានាធិបតីអាមេរិក Joe Biden បានទាមទារឱ្យមានវិធានការ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយនិយាយថា លក្ខខណ្ឌពាក់ព័ន្ធនឹងជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៉ីស្រាអែល អាចនឹងត្រូវដាក់ចេញប្រសិនគ្មានការទទួលខុសត្រូវលើបញ្ហានេះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )