ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់និងកូន ត្រូវបានខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ ខណៈដែល ចងមេក្រូនឹងដងដែកទីបជិតខ្សែភ្លើង ដើម្បីសូត្រមន្តលោកឆាន់ពេល ព្រឹក បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បុរសវ័យចំណាស់ និងកូនត្រូវបានខ្សែភ្លើង ឆក់បានកើតឡើងកាលពីវេលាម៉ោង៧ព្រឺក ថ្ងៃទី៧ ខែ មេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ចីវ គឹមអុន មេឃុំអូរកន្ធរបាននិយាយឱ្យដឹងថាករណីខ្សែភ្លើងឆក់ស្លាប់មានឈ្មោះ ១.ឈ្មោះ យុន យាត ភេទប្រុស អាយុ៧៥ឆ្នាំជាឪពុក និង២.ឈ្មោះ យាត យ៉ន ភេទប្រុស អាយុ៤១ឆ្នាំ ជាកូនបង្កើត ដោយក្រុមគ្រួសារបានសហការគ្នាបាននិមន្តព្រះសង្ឃ ដើម្បីបង្សុកូល ជូនដល់ញាតិកាទាំងប្រាំពីរសន្ដាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។ ជាអកុសលឪពុកនិងកូនបានដូរទីតាំងមេក្រូ ដោយខ្វះការប្រុងប្រយ័ត្ន យកដែកទីបចងមេក្រូ លើកឡើងប៉ះនិងខ្សែភ្លើងបណ្ដាលឱ្យឆក់ភ្លាមៗស្លាប់នៅកន្លែង។
បើតាមការបញ្ជាក់ពីលោក ខាត់ ព្រំ មេប៉ុស្តិ៍សង្កាត់អូរកន្ធរ បានធ្វើកោសល្យវិច័យបានបញ្ជាក់ថា សពទាំង០២ ឪពុកនិងកូននេះ ពិតជាបានមរណភាពដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។ ហើយសមត្ថកិច្ចក៏បានប្រគល់សពទាំង០២នាក់ ជូនទៅសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា