ភ្នំពេញ ៖ ទីក្រុងហូជីមិញមានកិច្ចសហប្រតិបត្តិការល្អ ទាំងវីស័យ វប្បធម៌ សេដ្ឋកិច្ចការអប់រំ និងទេសចរណ៍ ជាដើម ហើយរាជធានីភ្នំពេញ ក៏ជាទីក្រុងមួយដែលបានពង្រីកខ្លួនកាន់តែខ្លាំងក្លា ជាមួយនិងការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗជាច្រើនដែលធ្វើអោយកំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់។
នេះជាការលើកឡើង របស់ឯកឧត្ដម ង្វៀម វ៉ានណាម ឧត្ដមសេនីយ៍ទោ មេបញ្ជាការស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញនិងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមប្រចាំទីក្រុងហូជីមិញ ខណៈឯកឧត្ដម ដឹកនាំប្រតិភូមកជួបសំណេះសំណាលជាមួយ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ង្វៀម វ៉ានណាម បានមានប្រសាសន៍លើកឡើងទៀតថា៖ កម្ពុជានិងវៀតណាមអោយតែមានពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសទាំងពីរតែងបានជួបសំណេះសំណាលនិងជូនពរគ្នាទៅវិញទៅមក ដែលនេះជាប្រពៃណីដ៏ល្អរវាងប្រទេសយើងទាំងពីរ ក្នុងនាមជាអ្នកជិត ខាងគ្នា ហើយការជួបគ្នានេះក៏ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។ ទំនាក់ទំនងនៃប្រទេសទាំងពីរបានជំរុញឲ្យ ទីក្រុងមួយចំនួនរបស់រៀតណាម បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានីភ្នំពេញផងដែរ ។ ក្នុងនោះទីក្រុងហូជីមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។មិនត្រឹមតែប៉ុណ្ណោះទេ កងពលមួយចំនួនរបស់កម្ពុជារួមជាមួយនិងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហូជីមិញផងដែរ ដែលធ្វើអោយទំនាក់ទំនងកាទូតនៃប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ វៀតណាមនិងកម្ពុជា គឺមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី២៥មិថុនាឆ្នាំ១៩៦៧ ដែលគិតមកដល់ ពេលនេះមានរយៈពេល៥៧ឆ្នាំហើយ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អខាងលើនេះ នាំឲ្យមានអ្នកវិនិយោគ ទុនវៀតណាម បានមកវិនិយោគទុននៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជាបានការឡើងជាលំដាប់ផងដែរ។បន្ថែមពីនេះសម្រាប់យុវជនកម្ពុជានិងយុវជនវៀតណាម យើងក៏បានធ្វើទំនាក់ទំនងគ្នាល្អ និងមានភាពរឹងមាំផងដែរ សម្រាប់បន្តទំនាក់ទំនងនេះកាន់តែល្អទៅថ្ងៃអនាគត។
ផ្ដើមចេញពីទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជានាពេលនេះ នឹងបន្តពូនជ្រុំទៅដល់យុវជនជំនន់ក្រោយ បន្តទំនាក់ទំនងនេះកាន់តែល្អបន្ថែមទៀតទៅថ្ងៃអនាគត់។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា៖ តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជាគឺការរិតចំណងសាមគ្គីភាពជាមួយវៀត ណាមអោយកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម៕
ដោយ ៖ សំរិត