ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកនាំពាក្យខុទ្ទកាល័យសម្តេចធីបតី ហ៊ុន ម៉ាណែត ប្រកាសពីលទ្ធផលជំនួបរវាងសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

ចែករំលែក៖

ភ្នំពេញ ៖ លទ្ធផលជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក តាន់ ស្រី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក តាន់ ស្រី មីសែល យ៉ាវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ព្រមទាំងបានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ លោកប្រធានវិទ្យាស្ថាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ ព្រះរាជាណាចក្រកម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ ហើយលោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ លោកប្រធានវិទ្យាស្ថាន ក៏បាន គោរពជម្រាបជូន សម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber”។ បន្ថែមលើនេះ លោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូន សម្តេចធិបតី អំពីការ បង្កើត ASEAN Economic Club នៅកម្ពុជានៅឆ្នាំ២០២២ ហើយក្នុងឆ្នាំនេះ វិទ្យាស្ថានយុទ្ធសាស្ត្រ KSI បាន ផ្តួចផ្តើមគំនិតស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តការណ៍ចំនួន ២៖ កិច្ចប្រជុំកំពូល សាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន (Global Chinese Economic & Technology Summit SCET 2024) និង កិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី (Asia Economic & Entrepreneurship Summit – AEES 2024)។ កម្មវិធីទាំង២នេះ គឺជាឱកាសក្នុងការទាក់ទាញវិនិយោគិនក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោកបានស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកប្រធានវិទ្យាស្ថាន ក៏ បានគោរពអញ្ជើញ សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំង ២ នេះផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ ប្រកបដោយក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោកប្រធានវិទ្យាស្ថាន និងសហការី ព្រមទាំងបានសម្តែងក្តីសោមនស្ស អំពីការរៀបចំកម្មវិធីទាំងពីរនេះ ដោយ សម្តេចធិបតី បានណែនាំឱ្យវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ធ្វើការពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បន្ថែមទៀត។ សម្តេចធិបតី បានទទួលយកការអញ្ជើញរបស់លោកប្រធានវិទ្យាស្ថាន ក្នុងការចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងកម្មវិធីទាំងពីរនេះ។ ពាក់ព័ន្ធនឹងការជំរុញការវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវិស័យ ឌីជីថល សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជា ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើ សមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល។ បន្ថែមលើនេះ សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧នឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បី សម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធានាដល់បរិស្ថាន នៃការវិនិយោគ ព្រមទាំងរៀបចំនូវផែនការយុទ្ធសាស្ត្រផ្នែកពាណិជ្ជកម្ម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីធានាបាននូវកាលានុវត្តភាព និងរក្សាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។

មុននឹងបញ្ចប់ សម្តេចធិបតី បានបញ្ជាក់អំពីគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាល ដូចជាការបង្កើតឡើង នូវគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដើម្បីធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការ អនុវត្តគោលនយោបាយពាណិជ្ជកម្មនានា និងស្វាគមន៍ការផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលនានាពីវិទ្យាស្ថាន យុទ្ធសាស្ត្រ KSI។

ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរឱ្យ លោកប្រធានវិទ្យាស្ថាន និងសហការីទទួលបានជោគជ័យក្នុង ដំណើរទស្សនកិច្ច និងទទួលបានក្តីសោមនស្សរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធ្វើមាតុ ភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕

ដោយ ៖ សិលា


ចែករំលែក៖