ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបំភ្លឺ របស់ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀនករណីហ្វេសបុក CPNS NEWS, CSK NEWS និង FK NEWS MEDIA ផ្សព្វផ្សាយអំពីបុគ្គលបន្លំខ្លួនជាមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន បោកយកម៉ូតូពីមិត្តភក្តិនៅហាងផឹកស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកបុគ្គលដែលបន្លំខ្លួនជាមន្ត្រីបម្រើការងារ នៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសនោះមកចាក់ការតាមនីតិវិធី ដើម្បីកុំឱ្យបុគ្គលនេះចេះតែហ៊ានបន្លំប្រើប្រាស់ឈ្មោះជាសមត្ថកិច្ច ទៅប្រព្រឹត្តអំពីបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ។ 

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅព្រឹក​ថ្ងៃ​ទី០៩​ ខែមេសា​ ឆ្នាំ​២០២៤នេះ សូមបំភ្លឺចំពោះការចុះផ្សាយលើគណនី ហ្វេសបុក CPNS NEWS, CSK NEWS និង FK NEWS MEDIA ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត ដែល ផ្សាយកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ករណីយុវជនរងគ្រោះម្នាក់ត្រូវបាន មិត្តភក្តិរបស់ខ្លួន ដែលអះអាងថាជាមន្ត្រីបម្រើការងារនៅការិយាល័យ ក៤ មន្ទីរប្រឆាំងគ្រឿងញៀនបោកយកម៉ូតូ ១គ្រឿង ទៅបាត់ក្នុងពេលផឹកស៊ីជាមួយគ្នា នៅហាងមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ក្រោយពីបានទទួលព័ត៌មានដែលចុះផ្សាយក្នុងហ្វេសប៊ុកនេះ ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរ ប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវភ្លាមៗ លើរូបភាពបុរសដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលបម្រើការងារនៅ មន្ទីរប្រឆាំងគ្រឿងញៀន ក្រោយពិនិត្យភិនភាគក្នុងរូបថតមក មន្ទីរប្រឆាំងគ្រឿងញៀន ពិនិត្យឃើញបុរសក្នុងរូប ថតនេះ ពុំមែនជាមន្ត្រីនគរបាលបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀននោះឡើយ ។ ដូច្នេះជនដែលបោក យកម៉ូតូ គឺក្លែងបន្លំជាមន្ត្រីនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន។

ចំពោះវិធានការបន្ត មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ដើម្បី ស្វែងរកបុគ្គលដែលបន្លំខ្លួន ជាមន្ត្រីបម្រើការងារនៅមន្ទីរប្រឆាំងគ្រឿងញៀន ប្រព្រឹត្តបទល្មើសនោះមកចាក់ការ តាមនីតិវិធី ដើម្បីកុំឱ្យបុគ្គលនេះចេះតែហ៊ានបន្លំប្រើប្រាស់ឈ្មោះជាសមត្ថកិច្ច ទៅប្រព្រឹត្តអំពីបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជាតិ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះបណ្តាអង្គភាពសារព័ត៌មាន និងសាធារណជន គ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចការ របស់មន្ទីរប្រឆាំង គ្រឿងញៀន។ ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏សំណូមពរដល់បងប្អូនជាអ្នកសារព័ត៌មានមុននឹង ផ្សព្វផ្សាយនូវព័ត៌មានអ្វីមួយពាក់ព័ន្ធនឹងមន្ទីរប្រឆាំងគ្រឿងញៀន ហើយពុំទាន់ប្រមូលព័ត៌មានបានគ្រប់ជ្រុង ជ្រោយនោះ អាចធ្វើការទាក់ទងមកលេខ Hotline របស់មន្ទីរប្រឆាំងគ្រឿងញៀនចំនួន៥ខ្សែ៖ 670 ប្រព័ន្ធ Cellcard អាចហៅទូរស័ព្ទចូលដោយឥតគិតថ្លៃ, 093456888(Smart), 011248888(Cellcard), 015 222226(Smart), 066 661 661 (Metfone) ដើម្បីជៀងវាងផ្សាយមិនច្បាស់ អាចបង្កឱ្យប៉ះពាល់ដល់កិត្តិយស របស់ស្ថាប័នអនុវត្តន៍ច្បាប់ ដែលបាននិងកំពុងខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

ដោយ​៖ តារា​


ចែករំលែក៖