ព័ត៌មានទាន់ហេតុការណ៍៖

គម្រោងវាយលុកចូលទីក្រុង Rafah រងការប្រឆាំង ពីប្រធានាធិបតី បារាំង អេហ្ស៉ីប និងហ្ស៊កដានី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំបារាំង អេហ្ស៉ីប និងហ្ស៊កដានី បានព្រមានអ៉ីស្រាអែល ប្រឆាំងនឹងប្រតិបត្តិការយោធាណាមួយវាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងជំរុញឱ្យមានបទឈប់បាញ់បន្ទាន់ នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។ការព្រមានរបស់មេដឹកនាំនៃប្រទេសទាំង៣ កើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា បានអះអាងថា កាលបរិច្ឆេទសម្រាប់អ៉ីស្រាអែលវាយលុកចូលទីក្រុង Rafah ត្រូវបានកំណត់រួចរាល់ហើយ។ ក្នុងសេចក្ដីថ្លែងការណ៍រួមមួយ មេដឹកនាំបារាំង អេហ្ស៉ីប និងហ្ស៊កដានី បានលើកឡើង ដូច្នេះថា «យើងព្រមានប្រឆាំងនឹងផលវិបាកដ៏គ្រោះថ្នាក់ដែលអាចកើតចេញពីការវាយលុករបស់អ៉ីស្រាអែលលើទីក្រុង Rafah ជាទីដែលប្រជាជនស៊ីវិលប៉ាឡេស្ទីនប្រហែល ១.៥លាននាក់កំពុងជ្រកកោន។ ការវាយលុកណាមួយនឹងបង្កឱ្យមានមនុស្សស្លាប់ ការឈឺចាប់ គ្រោះថ្នាក់ដ៏សម្បើម និងផលវិបាកនៃបណ្ដេញចេញប្រជាជនហ្កាហ្សាទាំងបង្ខំ ហើយ ក៏បង្កភាពតានតឹងក្នុងតំបន់ទាំងមូលផងដែរ»។
ក្រៅពីបារាំង អេហ្ស៉ីប និងហ្ស៊កដានី សហរដ្ឋអាមេរិក ក៏បានបង្ហាញជំហរប្រឆាំងជំទាស់នឹងប្រតិបត្តិការយោធាណាមួយក្នុងទីក្រុង Rafah ដែរ ក្រោយលោក ណេតាន់យ៉ាហ៊ូ និយាយកាលបរិច្ឆេទវាយលុកចូលទីក្រុង Rafah ត្រូវបានកំណត់រួចរាល់ហើយ ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖