ព័ត៌មានទាន់ហេតុការណ៍៖

មិនគួរគិតខ្លះសោះ..! ពិបាកចិត្តកូនតុងទីនបោកលុយ​ ស្ត្រីម្នាក់ចង​ ក​ សម្លាប់ខ្លួនចោលកូនចៅ

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់​ មានវិប្បត្តិដោយកូនតុងទីនបោកយកលុយគេចខ្លួនបាត់​ ក៏សម្រេចចិត្តធ្វើអត្តឃាត​ ដោយចងកសម្លាប់ខ្លួនស្លាប់ចោលកូនចៅ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យពិនិត្យ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខE២ ផ្លូវលេខ១ បុរីVIP ភូមិម៉ឺត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា​ សាកសពជនរងគ្រោះ ឈ្មោះ ចាន់ ណារី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១E០ ផ្លូវលេខ២៧៦ ភូមិ៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

    តាមប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថា​ នៅព្រឹកថ្ងៃកើតហេតុ កូនប្រុសជនរងគ្រោះ ភ្ញាក់ពីដេកចុះមកក្រោម ឃើញម្ដាយចង ក ជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ទើបហៅប្រពន្ធជួយស្រាយចំណងទម្លាក់តែជនរងគ្រោះស្លាប់បាត់ទៅហើយ។

    បេីតាមការបំភ្លឺពីឈ្មោះ ថន ឡង់ឌី ភេទស្រី អាយុ៣២ឆ្នាំ ជាកូនប្រសារជនរងគ្រោះបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ម្ដាយក្មេកគាត់បានមកលេងផ្ទះគាត់ តែប្ដីចេញទៅរត់តាក់ស៊ីបាត់មិននៅផ្ទះទេ ហើយគាត់ដឹងថាគាត់ត្រូវបានកូនតុងទីនបោកលុយ ទើបគាត់មានអាការៈស្រងូតស្រងាត់ពិបាកចិត្ត នៅវេលាម៉ោងប្រហែល២១និង៣០នាទី ថ្ងៃដដែល ម្ដាយក្មេកក៏ដេកនៅលើពូកផ្ទះខាងក្រោម, ហើយគាត់បាននាំកូនឡើងទៅដេកក្នុងបន្ទប់ ។ 

      លុះដល់វេលាម៉ោងប្រហែល១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់ដែលជាកូនបង្កើត បានមកដល់មុខផ្ទះ ទើបគាត់ចុះទៅបើកទ្វារឲ្យ ហើយបានបញ្ចាំងពិលចំមុខម្ដាយ ឃើញគាត់កំពុងយំ ទើបពួកគាត់និយាយលួងលោម ហើយក៏បានឡើងទៅដេកនៅក្នុងបន្ទប់, នៅវេលាម៉ោងប្រហែល០៦និង០០នាទីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ប្ដីគាត់បានភ្ញាក់ចុះទៅក្រោម ហើយក៏បានស្រែកហៅគាត់ ទើបគាត់ចុះទៅឃើញម្ដាយក្មេកចង ក ដោយចំណងខ្សែអង្រឹងជាប់នឹងចំរឹងដែកទ្វារផ្ទះខាងក្រោយ ក៏នាំគ្នាស្រាយខ្សែចំណងទម្លាក់ម្ដាយមកក្រោម តែម្ដាយស្លាប់បាត់ទៅហើយ។

    យោងតាមការសន្និដ្ឋាន និងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និង ការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រួពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) ពិតមែន រួចក៏ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីតែម្ដង​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖