ភ្នំពេញ ៖ សារលិខិតជូនពរ របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលជាតិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ! ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស ២០២៤ ដែលនឹងឈាន មកដល់នាពេលខាងមុខនេះ ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដោយក្តី នឹករឭក និងសូមចូលរួមអបអរសាទរប្រកបដោយក្តីរីករាយ ជាមួយបងប្អូនកងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងកក់ក្តៅបំផុត។
រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិគ្រប់ជំនាញទូទាំងប្រទេស បានខិតខំតស៊ូពុះពារ បំពេញតួនាទីប្រកបដោយមនសិការវិជ្ជាជីវៈ ដើម្បីធានានូវប្រក្រតីភាពនៃដំណើរការស្ថាប័នកំពូលរបស់ជាតិ ក៏ដូចជា ការការពារប្រកបដោយសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដែលសមិទ្ធផល ដ៏ធំធេងទាំងនេះ បានរួមចំណែកធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាជនរស់នៅប្រកប ដោយភាពសុខសាន្ត និងមោទនភាព ក្រោមម្លប់នៃសន្តិភាព។ ក្រៅអំពីកិច្ចប្រតិបត្តិការលើការងារប្រចាំថ្ងៃ បងប្អូន ក៏បានបង្កើតស្នាដៃជាច្រើនតាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ឬមហន្តរាយនានា ដោយភាពអង់អាចក្លាហាន និងបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការ សង្គមផងដែរ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូន ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយ ពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់បងប្អូនមន្ត្រីនគរបាលជាតិ ដែលមានរបួស ឬជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ឬគេហដ្ឋាន សូមឆាប់ជាសះស្បើយដើម្បីវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារ និងបានមកបំពេញការងារជូន អង្គភាពវិញ ។
សូម ឯកឧត្តម លោកជំទាវ លោក លោកស្រីកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ទទួលនូវការស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕
ដោយ ៖ សិលា