ភ្នំពេញ៖ ប្រទេសកម្ពុជា មានសហគ្រាសគ្រឹះស្ថាននៅទូទាំងប្រទេសជាង ៤ ម៉ឺន ៣ពាន់ រោងចក្រ ដោយមានកម្មករ-និយោជិតប្រមាណជិត ២ លាននាក់ ក្នុងនោះ ស្រីជាង ១ លាននាក់។គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ។ នេះបេីយោងតាមការបញ្ជាក់ពីលោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការងាររូបនេះ បានគូសបញ្ជាក់ថា នៅទូទាំងប្រទេសមានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរសរុបចំនួន ៤៣ ៤៦១ រោងចក្រ មានកម្មករ-និយោជិត ១ ៧៧៣ ១២១ នាក់ ស្រី ១ ០៧០ ៥៤៣ នាក់។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរមានចំនួន ១ ៥៧៩ រោងចក្រ មានកម្មករ-និយោជិត ៩២៥ ៤៦៥ នាក់ ស្រី ៦៩៨ ៧២៦ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ៤១ ៨៨២ រោងចក្រ មានកម្មករ-និយោជិតចំនួន ៨៤៧ ៦៥៦ នាក់ ស្រី ៣៧១ ៨១៧ នាក់។
រដ្ឋលេខាធិការរូបនេះ ថ្លែងបន្តថា តួលេខនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមត្រីមាសទី ១ ឆ្នាំមុន មានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងមិនមែនកាត់ដេរសរុបចំនួន ១៧ ១០២ រោងចក្រ មានកម្មករ ១ ៥០១ ៩៤៩ នាក់ ស្រី ៩៤៨ ៣៣៨ នាក់ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរចំនួន ១ ៣២៥ នាក់ មានកម្មករ ៨៥៥ ០២១ នាក់ ស្រី ៦៧០ ៩២៣ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ១៥ ៧៧៧ មានកម្មករ ៦៤៦ ៩២៨ នាក់ ស្រី ២៧៧ ៤១៥ នាក់។
លោកអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា គ្រាន់តែក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ មានសហគ្រាសគ្រឹះស្ថានកាត់ដេរ និងក្រៅកាត់ដេរបើកថ្មី សរុបចំនួន ៣ ០៤៨ រោងចក្រ មានកម្មករ-និយោជិត ចំនួន ១៤០ ៥២៤ នាក់ ស្រី ៨៣ ១០៧ នាក់ ក្នុងនោះ សហគ្រាសគ្រឹះស្ថានកាត់ដេរមានចំនួន ១៦៣ រោងចក្រ មានកម្មករ-និយោជិតចំនួន ៧៩ ៧២១ នាក់ ស្រី ៥៥ ៤១៤ នាក់ និងសហគ្រាសគ្រឹះស្ថានមិនមែនកាត់ដេរចំនួន ២ ២៨៥ រោងចក្រ មានកម្មករ-និយោជិតចំនួន ៦០ ៨០៣ នាក់ ស្រី ២៧ ៦៩៣ នាក់៕
ដោយ៖ តារា