ព័ត៌មានទាន់ហេតុការណ៍៖

UPDATE៖​ លទ្ធផលនៃការពិនិត្យគុណភាពទឹកទន្លេមេគង្គនៅកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុខាងលើនៅឡើយទេ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នាថ្ងៃទី​១០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីគុណភាពទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែងជាប់ព្រំដែនប្រទេសឡាវ។ ក្រោយ​មានករណីឧបទ្ទហេតុនៃការលេចធ្លាយសារធាតុគីមី ចូលក្នុងស្ទឹងណាម ខាន់ ដៃទន្លេមេគង្គ ក្នុងប្រទេសឡាវ (អាស៊ីដស៊ុលផួរិច ដែលមានបរិមាណ ៣០តោន)​ កាលពីពេលថ្មីៗនេះ​ ជាក់ស្ដែង​លទ្ធផលនៃការពិនិត្យគុណភាពទឹកទន្លេមេគង្គនៅកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុខាងលើនៅឡើយទេ។

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ក្រោយពីបានទទួលនូវព័ត៌មានបឋមពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ជម្រាបមក ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ អំពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុង ស្ទឹងណាមខាន់ ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមក ពីឧបទ្ទវហេតុនៃការក្រឡាប់រថយន្តដឹកសារធាតុគីមី (អាស៊ីតស៊ុលផួរិច) ប្រមាណ៣០តោន នៅភូមិ ភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ 

ក្រុមការងារ បច្ចេកទេសនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមបានសហការ ជាមួយមន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នាថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានចុះទៅពិនិត្យ គុណភាពទឹកនៅខេត្តស្ទឹងត្រែង ដោយបានយកសំណាកទឹកទន្លេមេគង្គពីទីតាំងចំនួន២៖ ទី១)នៅខាង លើក្រុងស្ទឹងត្រែងប្រមាណ ៣គីឡូម៉ែត្រ និងទី២)នៅក្បែរព្រំដែនប្រទេសឡាវ ខាងក្រោមទំនប់វារី អគ្គិសនីដនសាហុង របស់ប្រទេសឡាវប្រមាណ ២គីឡូម៉ែត្រ។

ជាលទ្ធផល ស្ថានភាពគុណភាពទឹកទន្លេមេគង្គនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ មិនទាន់ទទួលរងផលប៉ះពាល់ពីឧបទ្ទវហេតុនៃការលេចធ្លាយអាស៊ីតស៊ុលផួរិច នៅទន្លេណាមខាន់ដែលជាដៃទន្លេមេគង្គក្នុងប្រទេសឡាវនៅឡើយទេ។

ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាននិងកំពុង យកចិត្តទុកដាក់ខ្ពស់ តាមដានអំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើមកលើ គុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងបន្តធ្វើការជូនដំណឹងបន្ថែម ក្នុងករណីចំបាច់។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប តាមការគួរ៕

ដោយ​៖ តារា​


ចែករំលែក៖