ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ជាទីគោរពដ៏ខ្ពង់ខ្ពស់
នៅក្នុងឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ តាងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាម រូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចអគ្គមហាពញាចក្រី ប្រធានកិត្តិយសក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សូមបានសមប្រកបទៅដោយបញ្ញាញាណ ភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរតរៀងទៅ។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏មោះមុត និងសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ សម្តេចប្រធានកិត្តិយស ដែលកាលនៅជាប្រធាន រដ្ឋសភា បានដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា និងកសាងសមិទ្ធផលសង្គមនានា សម្រេចបាន នូវស្នាដៃដ៏ធំធេងជាច្រើនចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងពង្រឹងនីតិរដ្ឋនៅកម្ពុជាឱ្យមានសន្ទុះរីកចម្រើនជឿន លឿនខ្លាំងក្លា ការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស ចូលរួមចំណែកក្នុងយុទ្ធនាការ បោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេស ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំរោងឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយថែរក្សា អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកប ដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំនិងភរិយា ៕
ដោយ ៖ សិលា