ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់
នៅក្នុងឱកាសដ៏បវរសួស្តីប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា គ.ស.២០២៤ ខាងមុខនេះ តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការទូទាំងប្រទេស និង ក្នុងនាមរូបខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមសម្តែងនូវទឹកចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូននូវ សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកបដោយមនោសញ្ចេតនាគោរព ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា សូមសមប្រកបដោយបញ្ញា ញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៍ និងជន្មាយុយឺនយូរតរៀងទៅ។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវ ការដឹងគុណដ៏ជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងដោយយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការពង្រឹងសមត្ថភាព ស្ថាប័ន និងការចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ជាមួយសមាគមកាកបាទក្រហមកម្ពុជា ពង្រឹងបាននិរន្តរភាព នៃចលនាកាកបាទក្រហមកម្ពុជា សំដៅចូលរួមចំណែកដ៏សកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីកិច្ចអភិវឌ្ឍព្រះរាជាណា ចក្រកម្ពុជាដ៏បវរនៃយើង ឱ្យរឹងរឹតតែមានភាពរីកចម្រើនរុងរឿងខ្លាំងក្លា ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និង ប្រជាជន។
ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះផងដែរយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំរោង ឆស័ក ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយថែរក្សា អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ សូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។
សូមសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា ៕
ដោយ ៖ សិលា