ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅក្នុងឱកាសបិទសន្និបាតក្រសួងកសិកម្ម សម្ដេចបានផ្ដល់គោលការណ៍ឱ្យរួមគ្នាធ្វើកិច្ចការងារក្នុងការគ្រប់គ្រងតំបន់បឹងទន្លេសាប ដែលនៅតែមានបញ្ហាទន្រ្ទានកាន់កាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតិបិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤។
សម្តេចធិបតី បានថ្លែងបន្តថា នាពេលកន្លងទៅក៏មានអ្នកវិភាគមួយចំនួន បានលើកឡើងថា បទបញ្ជារបស់នាយករដ្ឋមន្ត្រី បានដាក់ចេញហើយ ប៉ុន្តែមិនមានប្រសិទ្ធិភាពទេ ស្ងាត់ឈឹង ពោលគឺគ្មានមន្ត្រីធ្វើអ្វីទាំងអស់។ ត្រង់ចំណុចនេះ សម្តេចធិបតីបានគូសបញ្ជាក់ថា វិធីសាស្ត្រនៅក្នុងការធ្វើការងារមានច្រើន ជាពិសេសការដោះស្រាយបញ្ហាធំៗដូចជាបញ្ហាបឹងទន្លេសាបនេះជាដើម ត្រូវមានវិធីសាស្ត្រច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហា ឈានទៅរកការដោះស្រាយប្រកបដោយប្រសិទ្ធភាព និងចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត ច្លែងថា ៖ កិច្ចការពារអភិរក្សបឹងទន្លេសាប ត្រូវតែបន្តធ្វើដោយគ្មានដកថយឡើយ រយៈពេល ៧២ថ្ងៃមកនេះ ក្រុមការងារចម្រុះសម្រេចបានការងារជាច្រើន ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ ក្រុមការងារចម្រុះដែលដឹកនាំ ដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអនុវត្តការងារជាបន្តបន្ទាប់ដូចជា បានផ្ទៀងផ្ទាល់ទិន្នន័យពាក់ព័ន្ធតំបន់បឹងទន្លេសាប, បញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីឡើងវិញ ដើម្បីកំណត់ឱ្យច្បាស់អំពីតំបន់១ តំបន់២ និងតំបន់៣, រៀបចំបោះបង្គោលកំណត់ព្រំ និងសហការរៀបចំចុះបញ្ជី នៅតំបន់ទន្លេសាបផងដែរ។
សម្តេចបញ្ជាក់ទៀតថា ៖ នៅពេលជាមួយគ្នានេះ ការចុះកំណត់ព្រំឱ្យបានច្បាស់លាស់នៅតំបន់១ តំបន់២ និងតំបន់៣ នៃបឹងទន្លេសាបនេះ ក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរខេត្តជុំវិញទន្លេសាប ក៏បានចាត់វិធានការទប់ស្កាត់នូវការទន្ទ្រានផ្សេងៗ ដែលថ្មីៗនេះក៏មានការចាប់ខ្លួនមន្ត្រី និងឈ្មួញមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំងផងដែរ៕
ដោយ ៖ សិលា