ខេត្តតាកែវ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ជោគជ័យរបស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីលគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជារបស់យើងទៅលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ភាពជោគជ័យនេះជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើនការផ្ទេរចំណេះដឹង បទពិសោធន៍ដល់កម្មករនិយោជិតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក » នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គេវៃខ្ញុំពីរ មានរឿងទាក់ម៉ូយ និងរឿងអួត ឥលូវខ្ញុំបន្តប្រើពាក្យនេះព្រោះខ្ញុំមានមោទនភាព ហើយទាក់ម៉ូយខ្ញុំនៅបន្តនិយាយព្រោះខ្ញុំនៅដើរទាក់ម៉ូយមែន ទៅបញ្ចុះបញ្ចូល តែទាំងអស់នេះគឺជាសមិទ្ធផលរួមរបស់ជាតិរបស់យើង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការដើរទាក់ម៉ូយនេះគឺយកមកឱ្យប្រជាពលរដ្ឋ និងកសិរមានការងារធ្វើ ហើយសម្តេចនឹងនៅតែបន្តដើរទាក់ម៉ូយតទៅទៀត ព្រោះលទ្ធផលនៃការដើរទាក់ម៉ូយនេះគឺធ្វើឱ្យអ្នកដែលនៅវិនិយោគស្រាប់បានកាន់តែជោគជ័យ តាមរយៈការជជែកជាមួយអ្នកដែលចង់មកវិនិយោគបន្ថែម ដែលនេះគឺជាលទ្ធផលដែលបានយ៉ាងធំធេងណាស់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងដែរថា អ្នកវិនិយោគដែលជោគជ័យ គឺបានមកពីការគាំទ្ររបស់ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ជាក់ស្តែងរោងចក្រផលិតទឹកដោះគិរីសួគ៌ បើប្រជាពលរដ្ឋមិនគាំទ្រ គ្មានទីផ្សារយកទៅដាក់លក់បន្តនោះទេ នោះមិនអាចដំណើរការបាននោះទេ។ នេះហើយជាសមិទ្ធផលរួមដែលសម្តេចបានបញ្ជាក់ថា សម្តេចអួតនោះ គឺដោយសារខ្មែរយើងបានរួមគ្នាកសាងបានសមិទ្ធផលពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយជំនាន់ទៅមួយជំនាន់កាន់តែធំឡើងៗជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនយើង ដែលនេះហើយជាការអួតរបស់យើងនោះ៕
ដោយ ៖ សិលា