ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការ ចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ នៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការ ចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ នៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ នៅលើផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ 

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៦និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចលើផ្លូវជាតិលេខ៦ កែងវិថីខ្មែរលើ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក TOYOTA PRUIS ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2BG-6059 ដែលបើកបរឡើងជែង ខាងឆ្វេងផ្លូវ ហើយក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1BR-8953 បណ្តាលឲ្យភាគីម៉ូតូដួលទៅលើផ្លូវ ស្របពេលនោះ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA CAMRY ពណ៌ស ផ្លាកលេខ ភ្នំពេញ 2B0-4232 បើកបរក្នុងល្បឿនលឿនលើសកំណត់មកកិនលើជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូ ឈ្មោះ ឡោ សារិ ភេទប្រុស បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើភស្តុតាងនានា តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ លើអ្នកបើកបររថយន្តម៉ាក TOYOTA PRUIS ឈ្មោះ ណែម រតនៈ ភេទប្រុស អាយុ២៩ឆ្នាំ និងអ្នកបើកបររថយន្ត ម៉ាក TOYOTA CAMRY ឈ្មោះ សេង ឡាយ ភេទប្រុស អាយុ៣៤ឆ្នាំ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖