ខេត្តព្រះវិហារ ៖ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត ប្រធានអង្គភាព មន្ទីរជុំវិញខេត្ត និងនាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ សរុបចំនួន ៦២នាក់។
នៅក្នុងពិធីនេះផងដែរ លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភដល់អង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារនូវថវិកា ១០.០០០.០០០រៀល, ស្រាបៀ ៥០កេស, ទឹកសុទ្ធអរុណា ៥០យួរ និងបានប្រគល់រថយន្តម៉ាកម៉ាស្តា ០១គ្រឿង សម្រាប់បម្រើការងាររបស់អង្គភាព ព្រមទាំងផ្តល់ជូនដល់កម្លាំងអហខេត្ត១០០នាក់ ក្នុងម្នាក់ទទួលបានថិកា ៥០.០០០រៀលផងដែរ។
លោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ ជូនពរដល់កងកម្លាំងទាំងអស់ សូមមានសុខភាពល្អ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច ពិសេសសូមប្រកាន់ភ្ជាប់ឲ្យបាននូវវិន័យកងកម្លាំង ដើម្បីជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងកងរាជអាវុធហត្ថដែលបានខិតខំកសាងក្នុងរយៈពេលដ៏យូរមកហើយ និងសូមបន្តឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីលើកមុខមាត់រាជរដ្ឋាភិបាល ក៏ដូចជា កម្លាំងកងរាជអាវុធហត្ថខេត្ត និងលើផ្ទៃប្រទេស ៕
ដោយ ៖ សិលា