ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងនិងជាសមាជិក ស ស យ ក ខេត្តស្វាយរៀង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនេះ ក៏ដូចជាតាមបណ្ដាក្រុងស្រុកទាំង៨ សូមអញ្ជើញមកដើរលេងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ ដែលមានរយៈពេល៤ថ្ងៃ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
ការអំពាវនាវបែបនេះធ្វើឡើងនារសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០២៤ ក្នុងការជួបសំណេះសំណាលសួរសុខទុក្ខនិងយកសម្ភារមកឧបត្ថម្ភដល់ក្រុមការងារ យុវជនដែលបានរៀបចំសង្រ្កាន្តវត្តព្រៃឆ្លាក់ ស្ថិតក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោក សរ សុដានី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់លោកឌី វិជ្ជា ប្រធាន ស ស យ ក ខេត្តស្វាយរៀង ក៏ដូចជាលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដល់បងប្អូន ក្រុមការងារយុវជនដែលបានចូលរួមខិតខំរៀបចំសង្ក្រាន្តនៅវត្តព្រៃឆ្លាក់ នេះផងដែរ។
លោក សរ សុដានី បានថ្លែងអំណរគុណដល់ព្រះគ្រូ យ័ន្ត សុខសាន្ត ចៅអធិការវត្តព្រៃឆ្លាក់ ដែលបានសហការជាមួយក្រុមការងារយុវជន ផ្ដល់ទីអារាមរៀបចំអោយមានសង្ក្រាន្តនៅក្នុងវត្ត បង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត សង្ក្រាន្តនៅវត្តដែលមានកម្មវិធីកម្សាន្តសប្បាយៗរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ។
ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្តនិងជាសមាជិក ស ស យ ក ខេត្តស្វាយរៀង បានណែនាំដល់កងកម្លាំងសមត្ថកិច្ច អាជ្ញារធរមូលដ្ឋានខេត្តស្វាយរៀង ត្រូវរៀបចំផែនការការពារសណ្ដាប់ធ្នាប់និងរបៀបរៀបរយជូនដល់ថ្នាក់ដឹកនាំ ពិសេសប្រជាពលរដ្ឋដែលមកលេងសប្បាយសង្ក្រាន្តក្នុងខេត្តស្វាយរៀង ប្រកបដោយសុវត្ថិភាព ជាពិសេសផែនការការពារសន្តិសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្ត សង្ក្រាន្តនៅតាមវត្តអារាម ប្រកបដោយសន្តិសុខសុវត្ថិភាពល្អប្រសើរ។
សូមបញ្ជាក់ថា សម្ភារៈដែលយកប្រគល់នាពេលនេះ រួមមាន៖ ទឹកសុទ្ធ ១០កេសភេសជ្ជៈ១០កេស ស្រាបៀរ TSINGTAO ១០កេសនិងថវិកាចំនួន ៣០ម៉ឺនរៀលផងដែរ៕
ដោយ៖ សុថាន