ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ «រូបភាពមានសំឡេង៖ ឆ្នាំថ្មី ស្បែកជើងមួយគូថ្មី»

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំណេរលើផេកផ្ទាល់ខ្លួនថា ៖ «រូបភាពមានសំឡេង៖ ឆ្នាំថ្មី ស្បែកជើងមួយគូថ្មី» សមាជិកនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា Cambodia Rural Students Trust – CRST បានយកស្បែកជើងផ្ទាត់មួយគូថ្មី ជូនដល់ដូនចាស់ជរាម្នាក់នៅក្នុងឱកាសឆ្នាំថ្មី។ លោកយាយចៀន មានព្រះជន្ម ៧៦ឆ្នាំ រស់នៅតែឯកឯង គ្មានកូនគ្មានចៅ នៅក្នុងភូមិប្រាសាទបាគង ខេត្តសៀមរាប។ រាល់ថ្ងៃ លោកយាយពឹងផ្អែកតែនៅលើអ្នកជិតខាងជួយទំនុកបម្រុង និងធ្លាប់ទទួលបានការឧបត្ថម្ភពីអង្គការនូវផ្ទះ ១ខ្នង និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាជាប្រចាំ ចាប់តាំងពីឆ្នាំ២០១៥ រហូតមក។

លោក ឃឹម ហ្វីណង់ បន្តថា ៖ ជួនកាល ត្រឹមតែកាយវិការដ៏តិចតួចមួយ ក៏អាចក្លាយទៅជាការចងចាំដែលមិនអាចបំភ្លេចបានរួចបាត់ទៅហើយ។ «ក្តីមេត្តា»គឺជាភាសាបេះដូង ដែលអ្នកពិការភ្នែកក៏អាចមើលឃើញ ហើយអ្នកគថ្លង់ក៏អាចស្តាប់លឺ។ វាប្រៀបបានទៅនឹងអំបោះមួយសសៃដ៏វែង ដែលអាចវេញភ្ជាប់សង្គមរបស់យើងទាំងមូលជាមួយគ្នាបាន។

លោកថា ៖ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ធ្លាប់ជាដៃគូដ៏សំខាន់មួយនៅពីក្រោយភាពស្អាតនៃឃុំព្រះដាក់ និងសកម្មភាពសង្គមជាច្រើនទៀត ក្នុងអំឡុងពេលដែលខ្ញុំបានបំពេញតួនាទីជាអភិបាលស្រុកបន្ទាយស្រី។ ពិតជាសប្បាយចិត្ត ដែលបានឃើញអង្គការមួយនេះ នៅតែបន្តសកម្មភាពជួយដោះស្រាយបញ្ហាសង្គមនៅតាមមូលដ្ឋានប្រកបដោយនិរន្តភាព និងអត្ថន័យបែបនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖