ភ្នំពេញ ៖ ឥឡូវពេញនិយមរឿង Prank ៗ ! ប៉ុន្តែគេឆ្ងល់ថា ការងារស្អីងាក Prank ៗ តែសមត្ថកិច្ចមិនចេះ Prank ជាមួយទេ…ទីបំផុត ស្រ្តីម្ចាស់ផេក D.W Glota Cambodia ត្រូវបាននគរបាលខណ្ឌឫស្សីកែវកោះហៅមកសាកសួរក្រោយពេលបង្ហោះវីដេអូប្រើហិង្សាទៅលើក្មេងស្រីម្នាក់ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២ និង៣០នាទី នៅចំណុចផ្ទះលេខ៣៣Fផ្លូវលំភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានអាខោនហ្វេសប៊ុកឈ្មោះ D.W Glota Cambodia និងអាខោន តីកតុក ឈ្មោះ thmorpok បានបង្ហោះពីសកម្មភាពវាយនិងប្រើពាក្យសម្តីអសីលធម៌ក្នុងសង្គម ដោយមានគ្នា៧នាក់ ប្រុស៤នាក់ បន្ទាប់ពីឃើញសកម្មភាពបែបនេះផុសក្នុងបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវលើករណីនេះ បានហៅម្ចាស់ផេក D.W Glota Cambodia មានឈ្មោះ កូប មុំ ភេទស្រី និងកូនចៅដែលថតសកម្មភាពវាយគ្នាបង្ហោះក្នុងបណ្តាញសង្គម មកសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ក្រោយសមត្ថកិច្ចធ្វើការសាកសួរនិងពិនិត្យលើករណីនេះមិនមានស្នាកស្នាមអ្វីទេ ជាលទ្ធផលមិនមែនជាករណីហិង្សាដោយចេតនា ទេជាការសម្តែងធ្វើប្រែង(Prank)វីដេអូដើម្បីឲ្យផេកល្បីលក់ផលិតផល បន្ទាប់ពីសាកសួរចប់សមត្ថកិច្ចបានឲ្យម្ចាស់ផេកនិងកូនចៅដែលសម្តែងទាំងអស់ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនិងផុសវីដេអូសូមទោសជាសាធារណ:ក្នុងបណ្តាញសង្គម ។
សូមបញ្ជាក់ថា ៖ ចំពោះទង្វើនេះ គួរតែកសាងសំណុំរឿងទៅតុលាការ ដើម្បីជាប្រយោជន៍លុបបំបាត់និទណ្ឌភាព នៃបទល្មើស ៕
ដោយ ៖ សិលា