ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី នៅអគ្គបញ្ជាការដ្ឋាន នាម៉ោង ២២:០០ នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ នៅអគ្គបញ្ជាការដ្ឋាន នាម៉ោង ២២:០០ នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាទីមេត្រី – បងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស ជាទីស្នេហា!

សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត ថ្ងៃអាទិត្យ ៦កើត ថ្ងៃចន្ទ ៧កើត និងថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៤ ជាមួយបងប្អូនជនរួមជាតិ ទាំងអស់ដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គល ដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ឆ្នាំនេះ ជាឆ្នាំដំបូងនៃអាណត្តិរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កាលពីខែសីហា ឆ្នាំ២០២៣ ជាពិសេស ការអនុវត្តនូវកម្មវិធីនយោបាយជាអាទិភាពសំខាន់ៗ និងវិធានការគន្លឹះក្នុងការកែទម្រង់ជាក់ស្តែងនានា ដែលត្រូវបានដាក់ចេញឱ្យអនុវត្តជាបន្តបន្ទាប់ ចាប់ពីដើម នីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាជាអតិបរមា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ សេចក្តីត្រូវការ និងការរំពឹងទុករបស់ប្រជាជនកម្ពុជាដែលជាម្ចាស់ឆ្នោត នៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍ និងការរីកដុះដាលនូវសមិទ្ធផលធំៗថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាព។

យើងឃើញថា ៖ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ ជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ពីរាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈនិងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។

ឆ្នាំចាស់ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ បានកន្លងផុតទៅ ដោយជំនួសមកវិញនូវឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលបន្តពីរាជរដ្ឋាភិបាល នីតិកាលទី៦នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តបេសកកម្មក្នុងឆន្ទៈដ៏មោះមុតបំផុត ក្នុងការបន្តកសាងប្រទេសជាតិឱ្យ មានវឌ្ឍនភាពលើគ្រប់វិស័យ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឱ្យស្ថិតស្ថេរជានិរន្តរ៍។ ក្នុងឆ្នាំ២០២៣កន្លងទៅ និងរហូតដល់ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកទាំងមូល ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា ពោរពេញដោយភាពចម្រូងចម្រាស់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗកាន់តែតានតឹង ដែលបង្កើតបានជា អធិករណ៍ប្រកបដោយហានិភ័យ។ តែទោះជាយ៉ាងនេះក្តី កម្ពុជានៅតែរក្សាបាននូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ប្រក្រតីភាពស្ថាប័នរដ្ឋ និងគ្រប់សកម្មភាពនៃជីវភាពសង្គម ឱ្យមានការវិវឌ្ឍទៅមុខប្រកបដោយទំនុកចិត្ត៕

ដោយ ៖ សិលា


ចែករំលែក៖