ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាងគង់ ច័ន្ទស្រីមុំ រងការរិះគន់ព្រោងព្រាតក្រោយទៅលេងសង្ក្រាន្តនៅប្រទេសថៃ Songkran MAHANAKHON

ចែករំលែក៖

ភ្នំពេញ ៖ តារាខ្មែរ ទៅអួតសង្ក្រាន្តនៅប្រទេសថៃ ខណៈតារាថៃ មកបង្អាប់ចូលឆ្នាំនៅខ្មែរ ! នេះជាការលើកឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីឃើញ អ្នកនាងគង់ ច័ន្ទស្រីមុំ តារាសម្ដែង និងជាពិធីការិនីដ៏ល្បីមួយរូប ជាមួយនឹងមុខរបរជំនួញដ៏ធំ ដ៏ស្រស់ស្អាតសោភា មានវត្តមាន ទៅលេងសង្ក្រាន្តនៅប្រទេសថៃ Songkran MAHANAKHON ហាក់ដូចជាបង្ហាញឲ្យបរទេសឃើញ ថាគាត់ជាបុគ្គលមួយរូបដែលមានឈ្មោះល្បីនិងជាជនជាតិខ្មែរ បែជា ចាប់យកវប្បធម៌ប្រពៃណីរបស់ប្រទេសថៃ ស្របពេលដែលប្រទេសកម្ពុជា បាននឹងកំពុងអភិរក្ស ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិខ្មែរ ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង នៅប្រទេសកម្ពុជា បានរៀបចំសង្ក្រាន្តឆ្នាំថ្មី តាមបណ្ដារាជធានីខេត្ត ដល់ថ្នាក់ក្រុងស្រុក សង្កាត់ឃុំ ភូមិ តាមវត្តអារាម មានប្រជាពលរដ្ឋដ៏ច្រើន ចូលរួមសប្បាយ លេងល្បែងប្រជាប្រិយ ប្រកបដោយភាពផុសផុល ក្រោមម្លប់សន្តិភាព។

ផ្ទុយទៅវិញ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តារាខ្មែរមួយរូប អ្នកនាងគង់ ច័ន្ទស្រីមុំ រងការរិះគន់ព្រោងព្រាតក្រោយទៅលេងសង្ក្រាន្តនៅប្រទេសថៃ ហើយថតផ្សាយបង្អួតលើបណ្ដាញសង្គមរបស់ខ្លួន ! ទន្ទឹមនឹងដែរ មានតារាថៃមួយរូបបានមកលេងកម្ពុជា ហើយផុសថា ចូលឆ្នាំស្រុកខ្មែរ អត់មានភ្ញៀវមកលេង ! ។ ចំណុចត្រង់នេះ មិនមានន័យថា ប្រជាពលរដ្ឋខ្មែរណាម្នាក់ ស្អប់ខ្ពើមគាត់ ឬរារាំងសេរីភាពក្នុងការសប្បាយរបស់គាត់នោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏អ្នកនាងគង់ ច័ន្ទស្រីមុំ ដែលជាតារាសម្ដែង ពិធីការិនី និងអ្នកជំនួញ មានមុខមាត់ល្បីទៅប្រទេសកម្ពុជា ទៅបង្ហាញមុខ លើទឹកដីប្រទេសគេ ហើយបង្ហាញពីការចូលរួមសង្ក្រាន្ត លក្ខណៈបែបបរទេស ស្មើនឹងផ្សព្វផ្សាយវប្បធម៌របស់ជាតិគេ។ ហើយប្រជាពលរដ្ឋក៏មិនរើសអើងជាតិសាសន៍នោះ សំខាន់យើងជាខ្មែរ បង្ហាញសង្ក្រាន្តឆ្នាំថ្មី របស់ជាតិយើងមាន អ្វីខ្លះដើម្បីឱ្យបរទេសបានស្គាល់ ។

សូមបញ្ជាក់ថា ៖ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅ មានបងប្អូនប្រជាពលរដ្ឋ តាមបណ្ដារាជធានីខេត្ត ចូលរួមសង្ក្រាន្តឆ្នាំថ្មីច្រើនបំផុត ជាមួយនឹងភាពរីករាយ ពេញចិត្តរាល់សកម្មភាពនៃការរៀបចំតុបតែង កន្លែងសង្ក្រាន្តឆ្នាំថ្មី ។

សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។ ការថ្លែងនេះ ធ្វើឡើង ខណៈសម្ដេចធិបតី អញ្ជើញជាអធិបតី ភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងទៀត រឹតតែប្រសើរ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ នេះ។

ចំពោះអ្នកនាងគង់ ច័ន្ទស្រីមុំ រងការរិះគន់ព្រោងព្រាតក្រោយទៅលេងសង្ក្រាន្តនៅប្រទេសថៃ Songkran MAHANAKHON ទុកឱ្យប្រជាពលរដ្ឋវាយតម្លៃចុះ ហើយខាងក្រសួងពាក់ព័ន្ធពិចារណាតាមជំនាញ វប្បធម៌ចុះ៕

ដោយ៖ សិលា


ចែករំលែក៖