ខេត្តកោះកុង៖ ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរមកលេងកម្សាន្តអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរចំនួនជាង ២ ម៉ឺននាក់។
បេីតាមការបញ្ជាក់ពីប្រធានការិយាល័យព័ត៌មានផ្សព្វផ្សាយ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងចំណោមភ្ញៀវទេសចរចំនួន ២០,១៤១ នាក់ ដែលបានមកស្នាក់នៅកម្សាន្ត គឺមានភ្ញៀវជាតិចំនួន ១៩,៣២០ នាក់ កើនឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ រីឯភ្ញៀវបរទេសចំនួន ៨២១ នាក់ កើនឡើង ៣៨៣ នាក់ ស្មើនឹង ១៥២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ បើគិតចាប់ពីថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ ២០២៤។
លោកប្រធានមន្ទីរូបនេះ បានបន្តថា ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី រយៈពេល ៤ ថ្ងៃ តាមបណ្ដាក្រុងស្រុក មានចំនួនប្រមាណ ៤០៥,២០០ នាក់។ មូលហេតុដែលនាំឱ្យមានចំនួនភ្ញៀវទេសចរកើនឡើង ក៏ព្រោះតែរដ្ឋបាលខេត្ត បានរៀបចំការប្រគំតន្ត្រី និងពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងរៀបចំទីតាំង(តំបន់ត្រជាក់) រយៈពេល ៤ ថ្ងៃ។ អាកាសធាតុអំណោយផលល្អ មានតំបន់ទេសចរណ៍ថ្មីៗ ច្រើន។ សម្រាប់បរិស្ថាន សណ្ដាប់ធ្នាប់ អនាម័យនៅតាមរមណីយដ្ឋានដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរ និងប្រជាជន ធ្វើឱ្យតំបន់គោលដៅទេសចរណ៍នានាក្នុងខេត្តមានសោភ័ណភាពល្អ។
តម្លៃសេវាដឹកអ្នកដំណើរ ទំនិញ ម្ហូបអាហារ និងសេវាផ្គត់ផ្គង់នៅតាមរមណីយដ្ឋាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានសេវាដឹកអ្នកដំណើរ ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់មួយចំនួន បានឡើងថ្លៃ ដោយមានការយល់ព្រមពីភ្ញៀវទេសចរ។
ដោយឡែកលោកឧត្ដមសេនីយ៍ត្រី សរ សារ៉ាត់ ស្នងការរងនគរបាលខេត្តកោះកុង ក៏បានបង្ហាញពីបញ្ហាកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយកងកម្លាំងសមត្ថកិច្ច បានសហការជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធដាក់វេនប្រចាំការតាមគោលដៅទេសចរណ៍ និងតាមដងផ្លូវសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពុំមានបញ្ហាអ្វីកើតឡើងទេ និងប្រកបដោយសុខសុវត្ថិភាពផងដែរ៕
ដោយ៖ តារា