ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ខណៈដែល Paris St-Germain ផ្ដួល Barcelona ក្នុងជើងទី២ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League។ ក្រុម PSG បានតាមពីក្រោយកាលពីជើងទី១ក្នុងលទ្ធផល ៣–២ ក្នុងទឹកដី ប៉ុន្តែបានឈានដល់វគ្គ៤ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះវិញក្នុងលទ្ធផល៤ទល់១ក្នុងទឹកដី Barcelona ក្នុងជើងទី២នេះ។ក្រុមរបស់លោក Luis Enrique នឹងត្រូវជួបជាមួយក្រុម Borussia Dortmund នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានផ្តួលក្រុម Atletico Madrid ក្នុងលទ្ធផល ៥–៤ ក្នុងជំនួបដ៏រំភើបមួយក្នុងប្រទេសអាល្លឺម៉ង់។អ្នកទស្សនាបានចាប់ផ្តើមកាន់តែរំភើបរវាងក្រុមទាំងពីរនៅឯទឹកដីអេស្ប៉ាញដែលជាម្ចាស់ជើងឯក៥សម័យកាល Barcelona គឺកីឡដ្ឋាន Estadi Olimpic Lluis ហើយក្រុមអេស្ប៉ាញមួយនេះគឺបាននាំមុខមុន នៅពេលដែល Lamine Yamal បានបញ្ជូនបាល់ឱ្យ Raphinha ដើម្បីរកគ្រាប់បាល់នាំមុខនៅនាទីទី១២។
ការព្យាយាមរបស់ក្រុមភ្ញៀវ PSG ធ្វើបានសម្រេចដោយនៅនាទីទី២៩ ខ្សែការពារ Ronald Araujo របស់ Barcelona បានទទួលកាតក្រហមត្រង់សម្រាប់ការច្រាន Bradley Barcola។ ពេលនោះ Araujo ហាក់ដូចជាប្រកែកថា ដៃគូខ្សែការពារកណ្តាលរបស់គាត់ Pau Cubarsi គ្មានកំហុស និងព្យាយាមដណ្តើមបាល់គ្នា ប៉ុន្តែវីដេអូជំនួយការអាជ្ញាកណ្តាល និងបានសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលទុកឱ្យ Barcelona មានគ្នាត្រឹម១០នាក់។
កីឡាករ Ousmane Dembele ក៏រកបានគ្រាប់បាល់តាមស្មើ១គ្រាប់នៅនាទីទី៤០ពីការបញ្ជូនបាល់ឆ្ងាយរបស់ Barcola។ Vitinha ក៏រកបាន១គ្រាប់នាំមុខវិញនៅនាទីទី៥៤ ធ្វើឱ្យលទ្ធផលប្រែប្រួល ២–១ ដែលសរុបបណ្តោះអាសន្នទាំង២ជើងគឺ៤ទល់៤។
ក្រុម PSG បានបន្តគ្រប់គ្រងបាល់កាន់តែច្រើន ដោយសារតែក្រុមម្ចាស់ផ្ទះមានគ្នាតែ១០នាក់ ហើយនៅនាទីទី៦១ Mbappe រកបានគ្រាប់បាល់នាំមុខ១គ្រាប់ទៀតពីការស៊ុតបាល់ប៉េណាល់ទី និងនៅនាទីទី៨៩ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធរូបនេះរកបាន១គ្រាប់ដែលនាំមុខ Barcelona ទៀតធ្វើឲ្យចប់ការប្រកួតក្រុម PSG យកឈ្នះ ៤ទល់១ សរុបទាំង២ជើង ៦ទល់៤។
ចាប់តាំងពីត្រូវបានកាន់កាប់ដោយ Qatar Sports Investments ក្នុងឆ្នាំ២០១១មក ក្រុម PSG បានឈ្នះពានរង្វាន់ Ligue 1 ចំនួន៩ដង ប៉ុន្តែបានបរាជ័យក្នុងការឈ្នះ Champions League។ ក្រុមនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២០ ប៉ុន្តែបានចាញ់ក្រុម Bayern Munich ហើយចាប់តាំងពីពេលនោះមកបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្តង និងបានធ្លាក់ក្នុងវគ្គ១៦ក្រុមចុងក្រោយ២ដងផងដែរ។
ការប្រកួត៤ក្រុមទៀតដែលនឹងត្រូវលេងជើងទី២នៅរាត្រីនេះគឺ Bayern Munich ប៉ះ Arsenal ខណៈដែល Man City ប៉ះ Real Madrid។ សម្រាប់ការប្រកួតជើងទីមួយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅយប់ដាច់ដោយឡែកពីគ្នាគឺថ្ងៃទី៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា ហើយជើងទី២នៅថ្ងៃទី៧និងទី៨ ខែឧសភា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)