គេហទំព័រព័ត៌មាន Tsargrad នាពេលថ្មីៗនេះ បាននិយាយថា អង្គភាពវរជននៃកងកម្លាំងណាតូ បានទៅដល់ទីក្រុង Lviv និង Kiev របស់អ៊ុយក្រែនហើយ។ ចំណាត់ការនេះបានកើតឡើងបន្ទាប់ពីប្រទេសសមាជិកមួយចំនួននៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដឹកនាំដោយប្រទេសបារាំងបានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ ការវិវឌ្ឍទាំងនេះបង្កើនក្តីបារម្ភអំពីការប៉ះទង្គិចគ្នាផ្នែកយោធាដោយផ្ទាល់រវាងរុស្ស៊ីនឹងអង្គការណាតូនៅអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានព្រមានថា លោកខាងលិចបញ្ជូនទ័ពទៅប្រយុទ្ធនៅអ៊ុយក្រែន អាចនាំឱ្យកើតសង្គ្រាមលោកលើកទី៣។
យោងតាមព័ត៌មាន Tsargrad ការចល័តអង្គភាពវរជនណាតូទៅកាន់ទីក្រុងចំនួនពីររបស់អ៊ុយក្រែនគឺជាផ្នែកមួយនៃបេសកកម្មរួមនៅអ៊ុយក្រែន ហើយការសម្រេចចិត្តបង្កើតបេសកកម្មនេះត្រូវបានប្រកាសជាមុនដោយរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski នៅទីនោះ។
លោក Sikorski បានសង្កត់ធ្ងន់ថា វត្តមានរបស់កងទ័ពណាតូមួយក្រុមនៅលើទឹកដីអ៊ុយក្រែនមិនមែនមានន័យថា សម្ព័ន្ធភាពនេះពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ។ ជំហាននេះដោយប្រទេសសមាជិកណាតូត្រូវបានពិពណ៌នាថាជាកិច្ចខិតខំប្រឹងប្រែងដើម្បី “ការពារគ្រោះមហន្តរាយ” នៅក្នុងតំបន់ដែលយុទ្ធនាការយោធាពិសេសរបស់រុស្ស៊ីបានកើតឡើង។
អ្នកបង្កើតគោលនយោបាយលោកខាងលិចធ្លាប់បានយល់ស្របថា ចាំបាច់ត្រូវបញ្ជូនក្រុមឥស្សរជនខ្នាតតូចទៅកាន់អ៊ុយក្រែន រួមជាមួយនឹងបុគ្គលិកគាំទ្រ ដោយមានភារកិច្ចចម្បងក្នុងការថែរក្សា និងជួសជុលសម្ភារយោធា មិនចូលរួមដោយផ្ទាល់នៅក្នុងអរិភាពនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាមការបោះពុម្ពផ្សាយរបស់ UnHerd លទ្ធភាពដែលទាហានណាតូនឹងឈរជើងជាអចិន្ត្រៃយ៍នៅតាមព្រំដែនអ៊ុយក្រែនជាមួយបេឡារុស្ស ឬនៅកំពង់ផែ Odessa មិនអាចបដិសេធបានទេ។
ស្ថិតនៅចម្ងាយប្រហែល 70 គីឡូម៉ែត្រពីព្រំដែនប៉ូឡូញ Lviv ស្ថិតនៅលើមាត់ទ្វាររបស់អង្គការណាតូ ដូច្នេះប្រសិនបើជម្លោះកើតឡើងនៅទីនេះវាអាចមានផលវិបាកអន្តរជាតិ។ ទីក្រុងនេះបានក្លាយជាជម្រកសុវត្ថិភាពសម្រាប់ប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនចេញពីតំបន់ដែលគ្រប់ដណ្តប់ដោយសង្រ្គាមនៅទូទាំងប្រទេស។ ពួកគេបានទៅ Lviv ដើម្បីស្វែងរកសុវត្ថិភាព ខណៈដែលអ្នកផ្សេងទៀតជាច្រើនបានឈប់នៅទីនេះមុនពេលចាកចេញទៅកាន់ព្រំដែន។ លើសពីនេះទៀត នៅភាគខាងជើងនៃទីក្រុង Lviv គឺប្រទេសបេឡារុស ដែលត្រូវបានគេជឿថាមានកងទ័ពរុស្ស៊ី និងជាកន្លែងចាប់ផ្តើមមួយនៃប្រតិបត្តិការយោធាពិសេស។
ទន្ទឹមនឹងនេះ រដ្ឋធានី Kiev របស់អ៊ុយក្រែននាពេលថ្មីៗនេះ បានក្លាយជាគោលដៅនៃការវាយឆ្មក់របស់រុស្ស៊ីជាបន្តបន្ទាប់។ អគារផ្ទះល្វែង អគារឧស្សាហកម្ម និងថាមពលជាច្រើននៅក្នុងទីក្រុងគៀវ បានរងការខូចខាត បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី៕ ដោយ៖ ធីរីណា
រូបថត៖ hanoionline