ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ (អ.គ.វ.ខ.ស.ន) ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក សមាជិក សមាជិកា អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ។

កិច្ចប្រជុំ មានរបៀបវារៈដូចខាងក្រោម៖

១. មតិបើក និងដឹកនាំអង្គប្រជុំ

២. បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ

៣. របាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំបង្កេីតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា ) ឯ.ក ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

៤. ការចូលរួមមតិយោបល់របស់សមាជិកអង្គប្រជុំ

៥. មតិបូកសរុបបិទអង្គប្រជុំ។ 

ក្រុមការងារអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ បានរាយការណ៍ អំពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខូប៊ឺ ភែកឃីជីង (ខេមបូឌា ) ឯ.ក មានទុនចុះបញ្ជី ១.៥០០.០០០ដុល្លាអាមេរិក និងទុនវិនិយោគ ៣.០៤០.៧៣៥,៣៥ ដុល្លាអាមេរិក ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បន្ទាប់ពីអង្គប្រជុំបានស្តាប់បទបង្ហាញស្តីពីបែបបទ និងនីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ នៅអនុគណៈកម្មាធិការ វិនិយោគខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីចុះពិនិត្យទីតាំងស្នើសុំរោងចក្រ ផលិតកេសកាតុង ផលិតផលធ្វើពីក្រដាស សម្ភារៈវេចខ្ចប់ និងសម្ភារៈបន្ទាប់បន្សំគ្រប់ប្រភេទរួចមក អង្គប្រជុំបានសម្រេចដូចខាងក្រោម៖

-ឯកភាពលេីសំណេីស្នេីសុំវិនិយោគនេះ និងសម្រេចចុះបញ្ជីវិនិយោគជាគម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅ អនុគណៈកម្មាធិការ វិនិយោគ ខេត្តព្រះសីហនុ

-មន្ទីរ ឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត និងលេខាធិការដ្ឋា នអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវរៀបចំសេចក្តីសម្រេចបង្កេីតរោងចក្រជូនដល់ក្រុមហ៊ុន ឱ្យបានឆាប់រហ័ស  

-មន្ទីរ អង្គភាពជំនាញ ត្រូវចេញអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នេីសុំ ទៅតាមការទទួលប្រតិភូកម្មពីក្រសួងស្ថាប័នសាមីរៀងខ្លួន

-ក្នុងករណីអាជ្ញាបណ្ណ ឬបញ្ជិកានានា ដែលក្រុមហ៊ុនស្នេីសុំ ដែលមិនទាន់បានប្រតិភូកម្ម មន្ទីរ អង្គភាពសាម៉ី ត្រូវដេីរតួនាទីតាមយន្តការច្រកចេញចូលតែមួយ ដោយត្រូវយកសំណុំឯកសារពាក់ព័ន្ធ ជូនក្រសួងស្ថាប័នសាមី ដេីម្បីពិនិត្យសម្រេច ៕ 

ដោយ ៖ សិលា


ចែករំលែក៖