ក្លិបសេះបង្កង់ Juventus ត្រូវបានតុលាការអុីតាលីបង្គាប់ឲ្យបង់ប្រាក់ឈ្នួលចំនួន៨,៣លានផោន ឬប្រមាណ ១០.៣៥លានដុល្លារអាមេរិកឲ្យទៅអតីតខ្សែប្រយុទ្ធរបស់ខ្លួនគឺកីឡាករ Cristiano Ronaldo។
Ronaldo វ័យ៣៩ឆ្នាំបានយល់ព្រមពន្យារពេលប្រាក់ឈ្នួលនៅពេលដែលបាល់ទាត់នៅក្នុងប្រទេសអ៊ីតាលីត្រូវបានបញ្ឈប់ដោយជំងឺរាតត្បាត Covid-19 កាលពីរដូវកាល២០២០–២០២១។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានអះអាងថា គាត់ត្រូវបានជំពាក់ច្រើនជាង១៧លានផោនដោយអតីតក្លិបរបស់គាត់។
តុលាការអាជ្ញាកណ្តាលអុីតាលីបានឱ្យដឹងថា ក្លិបគួរតែបង់នូវអ្វីដែលកីឡាករនឹងទទួលបានបន្ទាប់ពីការបង់ពន្ធ និងការកាត់កងផ្សេងទៀត។
Ronaldo បានចំណាយពេល៣រដូវកាលនៅប្រទេសអុីតាលីជាមួយ Juventus ចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ដោយបានជួយឱ្យក្លិបមួយនេះឈ្នះពាន Serie A ចំនួន២។ គាត់បានចាកចេញសម្រាប់ការប្រកបអាជីពជាលើកទី២របស់គាត់ជាមួយ Manchester United ហើយបន្ទាប់ពីលេងបាន១៦ខែនៅ Old Trafford បានចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr រហូតដល់បច្ចុប្បន្ន។
ខ្សែប្រយុទ្ធដែលឈ្នះពាន Ballon d’Or ប្រាំសម័យរូបនេះ ដែលត្រូវបានផ្តល់រង្វាន់ដល់កីឡាករល្អបំផុតរបស់ពិភពលោកត្រូវបានចាត់ថ្នាក់ដោយទស្សនាវដ្តីពាណិជ្ជកម្មអាមេរិក Forbes ថា ជាកីឡាករកីឡាដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ ជាមួយនឹងប្រាក់ចំណូល១០៩លានផោនឬ១៣៥.៩០លានដុល្លារអាមេរិក ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)