ខេត្តមណ្ឌលគិរី៖ ក្នុងរយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តមណ្ឌលគិរី មានមនុស្សជាងពីរម៉ឺននាក់បានទៅលេងកម្សាន្ត។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងសង្ក្រាន្តសែនមនោរម្យ និងទស្សនាតាមរមណីយដ្ឋានសំខាន់ៗនៅក្នុងខេត្តសរុបចំនួន២១,៥០៥នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន២០,៦៦៨នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៨៣៧នាក់ ។
កត្តាដែលលំហូរចូលនៃភ្ញៀវទេសចរ
ទី១-ដោយសារមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អប្រសើរ ជាពិសេស អាកាសធាតុខេត្តមណ្ឌលគិរីត្រជាក់ជាងខេត្តផ្សេងៗ អាចធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ គាត់ចាប់អារម្មណ៍អញ្ជើញមកលេងច្រើនគគួរឲ្យគាត់ស្គាល់។
ទី២-សណ្តាប់ធ្នាប់សាធារណៈគ្រប់ក្រុង ស្រុក និងនៅតាមរមណីដ្ឋាននានាក្នុងខេត្ត មានការការពាររក្សាសុវត្ថិភាពសាធារណៈបានល្អប្រសើរជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះរដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំសង្ក្រាន្តសែនមនោរម្យ រយៈពេល៤ថ្ងៃ នៅបរិវេណសួនច្បារក្រុងសែនមនោរម្យ (សួនដំរីដែក) ជើងភ្នំដោះក្រមុំ ទំនប់សែនមនោរម្យ និងទំនប់សែនសុខដុម ក្នុងក្រុងសែនមនោរម្យ នឹងមានរៀបចំឱ្យមាននូវព្រឹត្តិការណ៍ជាច្រើនដូចជា ការប្រគុំតន្ត្រីរាំលេងកម្សាន្ត ការតាំងពិព័ណ៌ផលិតផលផ្សេងៗ ពិព័ណ៌ម្ហូបអាហារបងប្អូនជនជាតិដើមភាគតិច ការលេងល្បែងប្រជាប្រិយ និងមានការបាញ់កាំជ្រួចផងដែរ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមលេងល្បែងប្រជាប្រិយ ការរាំលេងកម្សាន្ត និងការចូលរួមស្រង់ព្រះនៅវត្តសែនមនោរម្យ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។
អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានឲ្យដឹងថា ចំពោះស្ថានភាពទូទៅ និងការរៀបចំសង្ក្រាន្តសែនមនោរម្យ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះ គឺប្រព្រឹត្តទៅដោយរលូន និងមិនមានភាពប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
អាជ្ញាធរក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួមលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី ដើម្បីបង្កបរិយាកាសយ៉ាងសប្បាយរីករាយ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។
អាជ្ញាធរបានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមធ្វើដំណើរដោយសុខសុវត្ថិភាពតាមផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមទុកដាក់កាក់សំណល់នានាឲ្យបានត្រឹមត្រូវ ដើម្បីឲ្យខេត្តរបស់យើង ក៏ដូចជាប្រទេសរបស់យើង មានភាពស្រស់បំព្រង៕
ដោយ៖ ជីវ័ន្ត