ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ កម្មករ កម្មការិនី និង ប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃ ចេញទៅស្រុក និងត្រឡប់មកវិញរយៈពេល៦ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖  កម្មករ កម្មការិនីនិងបងប្អូនប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ បានជិះរថយន្តក្រុងឥតគិតថ្លៃទាំងនៅក្នុងរាជធានីភ្នំពេញ  និងទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ខែមេសា២០២៤ ។

   នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ។ 

លោក ម៉េត មាសភក្តី បានបន្តថា បានកត់សម្គាល់ថា ចំនួនអ្នកជិះរថយន្តក្រុង ប្រមាណជាង៨ម៉ឺននាក់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺមានការកើនឡើងជាង ២ម៉ឺននាក់ ស្មើ៣៥% បើប្រៀបធៀបទៅនឹងការដឹកជញ្ជូន កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣។ ខេត្តដែលមានពលរដ្ឋជិះរថយន្តក្រុងទៅច្រើន មានចំនួន២ខេត្ត រួមមានខេត្តសៀមរាប និងខេត្តបាត់ដំបង ក្នុងនោះ ខេត្តសៀមរាប មានចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ និងខេត្តបាត់ដំបង មានចំនួនជាង១ម៉ឺននាក់ ។

   អ្នកនាំពាក្យរូបនេះបន្តថា ក្នុងអំឡុងពេលដឹកជញ្ជូនអ្នកដំណើរនៅក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីនេះ គឺមិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺការដឹកជញ្ជូនបានដំណើរការដោយ រលូនប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានេះ ពលរដ្ឋគ្រប់មជ្ឈដ្ឋានក៏បានសាទរ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើតតាមបណ្តាខេត្តនានា នៅក្នុងឳកាសពិធី បុណ្យចូលឆ្នាំថ្មីនេះ។

  គួរបញ្ជាក់ថា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅស្រុកកំណើតជួបជុំក្រុមគ្រួសារនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ។

  ក្នុងចំណោមរថយន្តក្រុងចំនួនជាង ៤០០គ្រឿងនេះ បានប្រើសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចំនួន ៦០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរពីរាជធានីភ្នំពេញទៅស្រុកកំណើតតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ ចំនួន ៣៩៥គ្រឿង ៕

ដោយ ៖ សំរិត


ចែករំលែក៖