ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកអន្តោប្រវេសន៍កម្ពុជា-កូរ៉េ ឯកភាពគ្នាទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេសការបន្តយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាជនទាំងពីរ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបស្វាគមន៍ និងរៀបចំកិច្ចប្រជុំពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទ្វេភាគី លើកទី២ ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងយុត្តិធម៌ សាធារណរដ្ឋកូរ៉េ ដែលដឹកនាំគណៈប្រតិភូដោយ លោក LEE JAE YOO អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កូរ៉េ​ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤នេះ។ 

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រីកចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគណៈប្រតិភូទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារជំនាញអន្តោប្រវេសន៍ ជាមួយការលើកបទបង្ហាញនូវលទ្ធផលការងារដែលសម្រេចបាន  និងទិសដៅអនុវត្តការងារបន្តសំដៅទប់ស្កាត់បទល្មើសអន្តោប្រវេសន៍គ្រប់ប្រភេទ។ 

លោក LEE JAE YOO អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំនូវកិច្ចប្រជុំទ្វេភាគីលើកទី២នេះ ដែលនឹងអនុញ្ញាតឱ្យអង្គភាពទាំងពីរ បន្តជំរុញលើកកំពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើការងារអន្តោប្រវេសន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ដែលនឹងចូលរួមសំដៅទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេសការបន្តយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាជនទាំងពីរប្រទេសដែលបានធ្វើដំណើរ និងកំពុងស្នាក់អាស្រ័យប្រកបរបរ ក្នុងប្រទេសទាំងពីរ។ 

បន្ថែមពីលើនេះផងដែរ លោក LEE JAE YOO អគ្គនាយកអន្តោប្រវេសន៍កូរ៉េ បានធ្វើការថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអនោ្តប្រវេសន៍កម្ពុជា ដែលបានទទួលបដិសណា្ឋរកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍កូរ៉េ និងបានអរគុណចំពោះការចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក។

ជាកិច្ចបញ្ចប់គណៈប្រតិភូទាំងពីរ បានឯកភាពនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឱ្យកាន់តែប្រសើរឡើង៕​

ដោយ​៖ តារា​


ចែករំលែក៖