ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង លោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ។ មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញអោយធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៨ និង០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុប ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូរ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ កាន់លិខិតឆ្លងដែនលេខ : E12725171។

វត្ថុតាងចាប់យកបានរួមមាន៖ 

១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧០២,៧៩ក្រាម

២. គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៣,៥៨ ក្រាម

សរុបគ្រឿងញៀនចាប់យក ទម្ងន់ ៧០៦,៣៧ក្រាម។

ជនសង្ស័យខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖