ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការកែលម្អសូចនាករសមិទ្ធកម្មរបស់អគ្គនាយកដ្ឋាន ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសូចនាករសមិទ្ធកម្ម ពង្រឹងការអនុវត្ត និងការគិតគូរឱ្យបានល្អិតល្អន់សម្រាប់ការ រៀបចំសូចនាករសមិទ្ធកម្មនៅបណ្ដាឆ្នាំខាងមុខ ដោយ មានការចូលរួមពី លោក លោកស្រី មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមរបៀបវារៈមួយចំនួនដូចជា (១). មតិសំណេះសំណាលបើកកិច្ចប្រជុំដោយ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី (២).ការធ្វើបទបង្ហាញ ស្តីពីសូចនាករសមិទ្ធកម្មរបស់អគ្គនាយកដ្ឋាន គោលនយោបាយ និងផែនការ និង (៣). កិច្ច ពិភាក្សា និងអនុសាសន៍ការងារបន្ត។
មុនឈានចូលដល់កិច្ចពិភាក្សា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញនូវអនុសាសន៍សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលណែនាំឱ្យបន្តពង្រឹង ជាជាងពង្រីក និងសង្កត់ធ្ងន់ថាការរៀបចំសូចនាករសមិទ្ធកម្ម ត្រូវមានភាពច្បាស់លាស់ ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង អាចវាស់វែងបាន សម្រេចបានដោយត្រូវមានការពិគ្រោះយោបល់ ឱ្យបានទូលំទូលាយក្នុងចំណោមអ្នកពាក់ព័ន្ធ និងការយល់ដឹងឱ្យបានច្បាស់លាស់ ការអនុវត្តចំគោលដៅ ធានាការសម្រេចបានដូចការគ្រោងទុក។
ជាមួយនេះដែរលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ឱ្យក្រុមការងារទាំង អស់ ត្រូវកំណត់យន្តការពិនិត្យតាមដានជាប្រចាំ រៀបចំរបាយការណ៍ឱ្យបានច្បាស់លាស់ ដោយរំលេចឱ្យឃើញ ច្បាស់ ពីសមិទ្ធផលនៃការអនុវត្តសូចនាករសមិទ្ធកម្មនៅក្នុង “របាយការណ៍ សមិទ្ធកម្ម” និង “របាយការណ៍សន្និបាតអប់រំប្រចាំឆ្នាំ”៕
ដោយ៖ សូរិយា