ភ្នំពេញ ៖ ការរមួលទងពងស្វាស ភាគច្រើនកើតលើបុរសដែលមានវ័យជំទង ឬទើបតែពេញវ័យ ត្រូវបានចាត់ទុកជាជំងឺបន្ទាន់ ដែលទាមទារការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ដើម្បីអោយការព្យាបាលមានប្រសិទ្ធិភាពខ្ពស់ ។
១) តើអ្វីជាជំងឺរមួលទងពងស្វាស?
ការរមួលទងពងស្វាសជាការរមួលនៃរចនាសម្ព័ន្ធខ្សែមេជីវិតឈ្មោល និងសរសៃឈាមរបស់ពងស្វាសដែលនាំអោយមានការកកស្ទះសរសៃឈាមទៅចិញ្ចឹម ពងស្វាស(ischemia) ។
២) រោគសញ្ញានៃជំងឺរមួលទងពងស្វាស
– ការចាប់ផ្តើមឈឺ ភ្លាមៗ បន្ទាប់ពីលេងកីឡា រឺ លំហាត់ប្រាណ
– ឈឺចុកចាប់ខ្លាំងនៅត្រង់ពងស្វាសម្ខាង
– ពងស្វាស មានសភាពកន្ទ្រាក់ទាញទៅលើបើប្រៀបធៀបនឹងម្ខាងទៀត
– ពងស្វាសហើមធំ រឹង ប្រែពណ៍ខុសធម្មតា
– អាចមានសញ្ញាចង្អោរ ចង់ក្អួត ក្តៅខ្លួន ជាដើម។
៣) រោគវិនិច្ឆ័យអមគ្លីនិក
– អេកូនៅតំបន់ទងពងស្វាស ដើម្បីរកមូលហេតុច្បាស់លាស់ (Testicular Ultrasound)
– អេកូសរសៃឈាមទៅចិញ្ចឹមពងស្វាស (Doppler Testicular Ultrasound)
៤) ការព្យាបាល
ការវះកាត់ ត្រូវធ្វើឡើងបន្ទាន់ ក្នុងករណី រកឃើញថាមានជំងឺរមួលទងពងស្វាស ។
ក្នុងការវះកាត់ យើងអាចវាយតម្លៃជាក់ស្តែងលើស្ថានភាពនៃពងស្វាស ៖
– រយៈពេលក្រោម ៦ម៉ោង អាចនៅមានឈាមមកចិញ្ចឹមវិញ បន្ទាប់ពីពន្លានៃការរមួល យើងអាចដេរផ្ជាប់នឹងថង់ពងស្វាស (surgery detorsion + Orchidopexy) ។
– រយៈពេលលើសពី៦ ទៅ១២ម៉ោង ក្នុងលក្ខខណ្ឌ បើក្នុងការវះកាត់ពងស្វាសមិនមានឈាមទៅចិញ្ចឹមវិញទេ យើងនឹងធ្វើការកាត់ពងស្វាសដែលខូចនោះចេញតែម្តង (Orchidectomy)។
បើបងប្អូន មានបញ្ហាឈឺចុកចាប់នៅតំបន់ពងស្វាស សូមប្រញាប់អញ្ជើញមកជួបជាមួយក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និង ព្យាបាលទាន់ពេលវេលា ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត#calmettehospital ៕
ដោយ ៖ សិលា