ភ្នំពេញ ៖ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។នេះជាការបញ្ជាក់ពីខាង អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបន្តថា ៖ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅព្រះរាជាណាចក្រកម្ពុជា។
សមាសភាពគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ច រួមមាន ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងថ្នាក់ដឹកនាំជាស្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ៕
ដោយ៖ សិលា