ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខណ្ឌដង្កោសរុប ២.៤៤៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤លោក ស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត យុវជន និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ក្រីក្រសរុបចំនួន ២៤៤៣នាក់ ស្មើនឹង ៤៥៥២ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាបឋមសិក្សា- អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រីបណ្ឌិតមានប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅក្នុងសហគមក្រីក្រ ដោយឥតគិតថ្ងៃអ្វីទាំងអស់ រួមមានជំងឺ៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូនិងរោគស្រ្តី, ជំងឺ បេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្ត និងស្នាមញញឹម ដែលសកម្មភាពនេះ បានបង្កើតឡើងរយៈកាលជាង១០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយ រីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យនិង ព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់ នេះជាការលើកឡើងរបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគម (TYDA) ព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយគិតថ្លៃ នាឱកាសនេះ សរុបមានចំនួន ២៤៤៣ នាក់ ស្មើនឹង ៤៥៥២ករណី។ ក្នុងនោះករណីឈឺធ្ងន់ធ្ងរត្រូវបញ្ជូនមកព្យាបាលបន្តមានចំនួន៨៤នាក់។ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបណ្ឌិត បានចែកជូននៅកាបូបស្ពាយ ដល់សិស្សានុសិស្សប្រមាណជិត៥០០នាក់ទៀតផងដែរ។ រាល់ការចំណាយទាំងអស់ ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់៕

ដោយ៖ សូរិយា


ចែករំលែក៖