ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី។
ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា ៖ សាររំលែកទុក្ខ ផ្ញើជូន លោកជំទាវ អ៊ុំ ផារ៉ាន់
លោកជំទាវជាទីរាប់អាន!
ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំ ថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០ នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង សង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។
មរណភាពរបស់ ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ជាការបាត់បង់នូវធនធានមនុស្សដ៏ សំខាន់របស់ជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។ ទោះបីរូបកាយរបស់ ឯកឧត្តម បានបាត់បង់ទៅពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរក្នុង សន្តានចិត្តភរិយា កូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិរន្តរ៍។
ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យ ឆាប់បានចាប់កំណើត កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា ៕
ដោយ ៖ សិលា