ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប​អ្នក​កាសែត​កម្ពុជា​៖​ ចេញសេចក្ដី​អំពាវនាវ​សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​សេចក្ដី​អំពាវនាវរបស់​ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)​ នៅរសៀលថ្ងៃសៅរ៍ទី២០​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មួយរយៈចុងក្រោយនេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានសង្កេតឃើញថា មានសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន បានផ្សព្វផ្សាយនូវព័ត៌មានភ្ជាប់ជាមួយរូបភាពដែលបង្ហាញនូវភាព ឃោរឃៅ ប្រាសចាកយ៉ាងធ្ងន់ធ្ងរពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ជាក់ស្តែងថ្មីៗនេះ ទាំងសារព័ត៌ មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានចុះផ្សាយព័ត៌មានភ្ជាប់រូបភាពជាវីដេអូនៃអំពើឃោរឃៅទៅ លើស្ត្រីម្នាក់នៅក្នុងបុរីមួយស្ថិតនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក.អ.ក ចាត់ទុកការផ្សព្វផ្សាយនោះប្រាសចាកទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានធ្វើឲ្យ ប៉ះពាល់ដល់សីលធម៌សង្គម និងតម្លៃនៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ក.អ.ក ជាថ្មីម្តងទៀត សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សូមពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចុះផ្សាយ ឬបង្ហោះនូវព័ត៌មានរូបភាពទាំងអស់នោះ ពិសេសអ្នកសារព័ត៌មានត្រូវចូលរួមលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈដែលជារនាំងការពារដ៏រឹងមាំ សម្រាប់អ្នកសារព័ត៌មាន។

ក.អ.ក សង្ឃឹមថា ទាំងអ្នកសារព័ត៌មាន ទាំងអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងងាកមក អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់នូវក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌សង្គម ដើម្បីរក្សាតម្លៃ និងសេចក្តី ថ្លៃថ្នូរជាពលរដ្ឋរស់នៅក្នុងសង្គមស៊ីវិល័យ៕

សូមអានសេចក្ដី​អំពាវនាវរបស់​ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)​ លម្អិត​ដូចខាងក្រោម​៖

ដោយ​៖ តារា​


ចែករំលែក៖