ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការដែលយើងសម្ពោធសមិទ្ធផលសុខាភិបាលនានា ជាពិសេសការសាងសង់មន្ទីរពេទ្យបន្ថែម មិនមែនមានន័យថាយើងចង់ឱ្យមានអ្នកឈឺច្រើននោះទេ ប៉ុន្តែវាគឺជាការបង្ការក្នុងករណីចាំបាច់ និងនៅពេលមានតម្រូវការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការកសាងពង្រឹងនូវសមិទ្ធផលសុខាភិបាលនៅថ្ងៃនេះ គឺជាការផ្តល់គុណតម្លៃប្រវត្តិសាស្រ្តសម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីការរៀបចំមន្ទីរពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យខេត្តកំពង់ចាមអោយក្លាយទៅជាពេទ្យតំបន់នៅត្រឹមឆ្នាំ២០៣០។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលនឹងពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែទំនើប និងមានសមត្ថភាពជាពិសេសប្រែក្លាយមន្ទីរពេទ្យខេត្តសៀមរាប និងខេត្តកំពង់ចាមឲ្យទៅជាពេទ្យតំបន់ដែលផ្ដល់លក្ខណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋក្នុងការស្វែងរកសេវាសុខាភិបាល។ ជាមួយនឹងការប្រែក្លាយទៅជាពេទ្យតំបន់សម្ដេចធិបតីបានបញ្ជាឲ្យក្រសួងសុខាភិបាលរៀបចំបណ្ដុះបណ្ដាលពេទ្យឲ្យគ្រប់គ្រាន់ជៀសវាងមានការខ្វះខាតទៅថ្ងៃខាងមុខពេលមន្ទីរពេទ្យដាក់ដំណើរការ។
សម្ដេចថា៖ «ពេទ្យបើកហើយ ឧបករណ៍មានហើយ ត្រូវមានពេទ្យព្យាបាល»។ សម្ដេចបានលើកឡើងថា ជាមួយនឹងការពង្រីកសមត្ថភាពទៅជាពេទ្យតំបន់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបនឹងទទួលការវះកាត់ព្យាបាលជំងឺបេះដូងនិងជំងឺដែលធ្ងន់ធ្ងរមួយចំនួនទៀតដូចជាមហារីកផងដែរ។
អគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកយ៉ាងដូច្នេះថា៖ «សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬមួយជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាល សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅជុំវិញនេះដែលនឹងប្រើប្រាស់នូវសេវាវះកាត់»។
តាមរយៈលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយបន្តកម្ពុជារហូតមក តួយ៉ាងសមិទ្ធផលនាថ្ងៃនេះ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
«សូមអរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរាជទូត ផ្ដាំអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះ កើតឡើងដោយសារការជួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចឹងយើងអាច ចាត់ទុកថាកាដូថ្មីនេះរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុនតែម្ដង» ៕
ដោយ ៖ សិលា