ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វេីសកម្មភាពកាប់ប្លន់យកម៉ូតូពីបុរសម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់បានមកវិញ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៧:១០នាទីនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី២ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ ឈ្មោះ ភឿន វីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ លក់ស្រាក្រឡុក ស្នាក់នៅកន្លែងលក់ស្រាក្រឡុក លូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី២: ឈ្មោះ លាម ឈាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរៈមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះ ឈ្មោះ ធុន ឆៃយុទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ សិស្សស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្តតាងដកហូតមានៈ កាំបិតប៉័ងតោដងឈើចំនួន០១ដើម ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1AB-9125 ។
តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះទៅផ្សារត្រពាំងថ្លឹងដើម្បីរកទិញអីហូប បន្ទាប់ពីទិញហើយ ជន រងគ្រោះក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ តែពេលដែលជនរងគ្រោះជិះម៉ូតូរហូតមកដល់ចំណុច កើតហេតុ ក៏បានឈប់ម៉ូតូ ស្រាប់តែជនសង្ស័យជិះម៉ូតូមកដល់ហើយបាននាំគ្នាចុះពីលើម៉ូតូ បានយកកាំបិតប៉័ងតោមកកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានផ្ដួលម៉ូតូរត់គេចចេញ ចំណែកជនសង្ស័យ ក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច បន្ទាប់ពីសមត្ថកិច្ចយើងទទួលបានព័ត៌មាន ក៏បានចុះធ្វើ ការស្រាវជ្រាវស្វែងរកមុខសញ្ញា រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់បានរួមទាំងវត្ថុតាងយក មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២តែម្តង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ