ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ការសម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់នេះគឺជាសមិទ្ធផលធំមួយក្នុងវិស័យសុខាភិបាល ហើយក៏នឹងផ្ដល់គុណប្រយោជន៍យ៉ាងធំសម្រាប់ប្រជាជនខេត្តសៀមរាបនិងខេត្តជុំវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រោះសមិទ្ធផលនេះកើតឡើងដោយសារការជួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ហើយយើងចាត់ទុកថា នេះជាកាដូឆ្នាំថ្មីរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានឧបករណ៍ទំនើប តែគ្មានគ្រូពេទ្យជំនាញ មិនអាចផ្តល់សេវាព្យាបាលបានល្អនោះឡើយ ហើយរាជរដ្ឋាភិបាល បានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឯកភាពគ្នា ធ្វើមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ឱ្យក្លាយជាពេទ្យតំបន់ ដើម្បីជួយធានាសេវាកម្រិតខ្ពស់ឱ្យដល់ប្រជាពលរដ្ឋ ជាងអ្នកសៀមរាប ដឹងអ្នកជំងឺដោយរថយន្តសង្គ្រោះបន្ទាន់ ទៅរាជធានីភ្នំពេញ ៣ ទៅ៤ ម៉ោង បើស្ទះផ្លូវអាចនឹងយឺត។ អ្នកខេត្តកំពង់ធំ អ្នកខេត្តព្រះវិហារ ត្រូវដឹកទៅទីនោះក៏លំបាកដែរ អាចរុញមកទីនេះ អាចទទួលបានសេវា»។
បើតាមការថ្លែងរបស់សម្តេចធិបតី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាកម្ចីឥណទាន ពីខាងចៃកា ចំនួន ១៤៤លានដុល្លារ ដើម្បីអភិវឌ្ឍពេទ្យតំបន់ ទីមួយនៅខេត្តសៀមរាប និងទីពីរ នៅខេត្តកំពង់ចាម ដើម្បីចាប់ផ្តើម។ សម្តេចធិបតី បន្តថា ពេលធ្វើឱ្យជោគជ័យ នឹងមានការពង្រីកទៅតំបន់ផ្សេងទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ ក្នុងរយៈពេលប្រមាណ ៤ឆ្នាំនេះ រាជរដ្ឋាភិបាល គ្រោងចំណាយប្រមាណ ១៤០០លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល ព្រោះសម្តេចយល់ថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការជួយសេនាទេវតា ជួយជីវិតប្រជាពលរដ្ឋ៕
ដោយ ៖ សិលា