ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីពង្រឹងសុខភាពប្រជាពលរដ្ឋ យើងត្រូវពង្រឹងពេទ្យរបស់យើង

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យសុខាភិបាល ពោលបើយើងចង់ពង្រឹងសុខភាពប្រជាពលរដ្ឋ គឺយើងត្រូវពង្រឹងពេទ្យតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ហើយមុំទី៣ នៃបញ្ចកោណទី១នោះ គឺការលើកកម្ពស់សុខភាពនិងសុខមាលភាពប្រជាជន ជាកិច្ចការដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិនិងគ្រួសារ ហើយប្រសិនជាប្រជាពលរដ្ឋមានសុខភាពល្អ នោះប្រទេសជាតិនឹងមានកម្លាំងរឹងមាំ ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា«គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវ រក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ ខ្ជាប់គ្រប់ពេលវេលានូវក្រម សីល ធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់, សុចរិតភាព និងប្រកបដោយសមធម៌ ជាពិសេស ត្រូវធានាថា គ្មានអ្នក- ជំងឺ ណាម្នាក់ត្រូវបានរើសអើង និង បដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬគ្រួសារ, ទំនៀមទម្លាប់, សាសនា និន្នាការ នយោបាយឡេីយ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តខិតខំប្រឹងប្រែងលើកកម្ពស់ គុណ ភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ សុខភាព សំដៅបង្កើនអត្ថ ប្រយោជន៍ សុខ ភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និង ថែទាំ, ការតាមដានវាយតម្លៃគុណភាព សេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ច គ្លីនិក និង ការដាក់ចេញនូវវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ប្រកបដោយនវានុវត្តន៍ និង ការបំពាក់បំប៉នចំណេះដឹង និងជំនាញដល់គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឲ្យដល់ស្ដង់ដារខ្ពស់ ដែលឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត អ្នកជំងឺ និង ពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬ ជនរងគ្រោះដែលត្រូវការសេវាសង្គ្រោះ បន្ទាន់ ឱ្យបានទាន់ពេលវេលា។ ក្នុងន័យនេះ, សេវាសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និង រថយន្ត គិលានសង្គ្រោះត្រូវត្រៀមលក្ខណៈរួចជាស្រេច ដោយមានគ្រូពេទ្យ បុគ្គលិកប្រចាំការ ២៤ម៉ោងលើ ២៤ ម៉ោង, មានឧបករណ៍សង្គ្រោះ, ឱសថ និងមធ្យោបាយទំនាក់ទំនងគ្រប់គ្រាន់សម្រាប់អន្តរាគមន៍។

សម្ដេចធិបតីបញ្ជាក់ថា តាមផែនការពេទ្យតំបន់នៅទីនេះគឺយើងគ្រោងចាប់ផ្ដើមធ្វើនៅក្នុងឆ្នាំនេះហើយឆ្នាំ ២០៣០ នៅទីនេះនឹងអាចក្លាយទៅជាមជ្ឈមណ្ឌលព្យាបាលពេទ្យតំបន់ដែលអាចទទួលបានដោយមានអគារខ្ពស់ជាងដោយមានគ្រឿងបំពាក់ទំនើបៗជាងនេះទៅទៀត ហើយសម្ដេចក៏បានណែនាំឲ្យក្រសួងសុខាភិបាលត្រៀមក្នុងការបណ្ដុះបណ្ដាលគ្រូពេទ្យឲ្យហើយដែលអាចទទួលអ្នកជម្ងឺ មិនត្រឹមតែអ្នកខេត្តសៀមរាបទេ គឺអាចមកពីខេត្ត ព្រះវិហារ កំពង់ធំឬមកពីខេត្តស្ទឹងត្រែង និង ឧត្តរមានជ័យដែលអាចមានបរិមាណច្រើន៕

ដោយ ៖ សិលា


ចែករំលែក៖