ព័ត៌មានទាន់ហេតុការណ៍៖

ថៃបានបង្កើតជំរំចំនួនពីរសម្រាប់ប្រជាជនមីយ៉ាន់ម៉ាដើម្បីជ្រកកោនពីការប្រយុទ្ធគ្នា

ចែករំលែក៖

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋាភិបាលថៃនិងសាក្សីបាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតំបន់ព្រំដែនភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ាជាមួយប្រទេសថៃកាលពីថ្ងៃទី 20 ខែមេសា ដោយបង្ខំឱ្យជនស៊ីវិលរាប់ពាន់នាក់ស្វែងរកការជ្រកកោន។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងយ៉ាងខ្លាំងនៅក្រុង Myawaddy នៅល្ងាចថ្ងៃទី១៩ ខែមេសា និងព្រឹកថ្ងៃទី២០ ខែមេសា រវាងកងទ័ពមីយ៉ាន់ម៉ានឹងកម្លាំងឧទ្ទាមដែលដឹកនាំដោយក្រុមប្រដាប់អាវុធសហភាពជាតិ Karen (KNU)។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា កងទ័ពមីយ៉ាន់ម៉ាត្រូវបានគេនិយាយថាកំពុងបង្កើនការវាយប្រហារតាមអាកាសដើម្បីដណ្តើមយកទីក្រុង Myawaddy មកវិញ ដែលបច្ចុប្បន្នគ្រប់គ្រងដោយកងកម្លាំងឧទ្ទាម។ យោធាបានប្រើយន្តហោះទម្លាក់គ្រាប់បែក និងឧទ្ធម្ភាគចក្រ បណ្តាលឱ្យក្រុមប្រឆាំងរងរបួសជាច្រើននាក់។
ក្រុមប្រដាប់អាវុធនៃសហភាពជាតិ KNU បានធ្វើការវាយឆ្មក់យ៉ាងសកម្ម និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅលើតំបន់ដែលទាហានមីយ៉ាន់ម៉ាកំពុងស្នាក់នៅ និងឈរជើងនៅជិតស្ពានមិត្តភាពលេខ 2 រវាងប្រទេសថៃ នឹងមីយ៉ាន់ម៉ា។
មន្ត្រីនៃខេត្ត Tak ប្រទេសថៃ បាននិយាយថា គិតត្រឹមរសៀល ថ្ងៃទី២០ ខែមេសា ប្រជាជនមីយ៉ាន់ម៉ាប្រមាណ ១,៧០០នាក់ បានឆ្លងព្រំដែនចូលប្រទេសថៃ ដើម្បីបញ្ចៀសការប្រយុទ្ធ និងជម្លោះដ៏ខ្លាំងក្លារវាងកងទ័ពមីយ៉ាន់ម៉ានឹងកងកម្លាំងឧទ្ទាម។ អាជ្ញាធរថៃបានបង្កើតជំរំចំនួនពីរសម្រាប់ប្រជាជនមីយ៉ាន់ម៉ាស្នាក់នៅបណ្ដោះអាសន្នហើយត្រៀមផ្តល់ជំនួយមនុស្សធម៌ដល់អ្នកខ្វះខាត។
នាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន បាននិយាយថា លោកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយប្រទេសថៃបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ប្រសិនបើចាំបាច់។
លោកបានណែនាំភ្នាក់ងារថៃទាំងអស់ឲ្យ«ត្រៀមខ្លួនសម្រាប់រាល់ឧបទ្ទវហេតុ» ហើយនឹងទៅមើលតំបន់ព្រំដែននៅសប្តាហ៍ក្រោយ។ លោកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ខ្ញុំមិនចង់ឃើញការប៉ះទង្គិចបែបនេះប៉ះពាល់ដល់បូរណភាពទឹកដីរបស់ប្រទេសថៃទេ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារព្រំដែនរបស់យើង និងសុវត្ថិភាពប្រជាជនរបស់យើង” ៕

ដោយ៖ ធីរីណា(រូប​ថត​៖ AP)


ចែករំលែក៖