ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឧកញ៉ា គិត ម៉េង ៖ ពេលវេលាដ៏មានមោទនភាពរបស់ឪពុកម្តាយ គិត ស៊ូឡា ក្លាយជានាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឋានៈជាប្រធានក្រុមហ៊ុនពហុផលិតផលដ៏ធំ ហើយសំខាន់ជាងនេះទៅទៀត ក្នុងនាមជាឪពុក ខ្ញុំមានក្តីរំភើបរីករាយក្រៃលែងក្នុងការប្រកាសពីដំណឹងដ៏វិសេសវិសាលថា កូនប្រុសច្បងរបស់ខ្ញុំ គិត ស៊ូឡា ត្រូវបានចាត់តាំងជានាយកគ្រប់គ្រងប្រតិបត្តិការ(COO) នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ (Royal Group International) ដ៏មានកេរ្តិ៍ឈ្មោះរបស់យើង។ នេះជាការលើកឡើង របស់អ្នកឧកញ៉ា គិត ម៉េង ដែលត្រូវជាឪពុក ឧកញ៉ា គិត ស៊ូឡា និងជាប្រធានសភាពាណិជ្ជកម្ពុជា។ 

អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញនូវក្តីស្រឡាញ់ថា ៖ ភាពលូតលាស់ពេញវ័យ និងការបំពេញការងារកាន់តែល្អប្រសើររបស់ ស៊ូទ្បា ត្រូវបានមើលឃើញថាជាដំណើរមួយដ៏ល្អប្រពៃដែលពោរពេញទៅដោយមោទនភាព និងក្តីសង្ឃឹម។ ថ្ងៃនេះ នៅពេលដែល ស៊ូឡា ឈានជើងចូលទៅក្នុងតួនាទីដ៏សំខាន់នេះ ខ្ញុំកាន់តែមានទំនុកចិត្តចំពោះសមត្ថភាព ការប្រឹងប្រែងលះបង់កម្លាំងកាយចិត្ត និងចក្ខុវិស័យរបស់ ស៊ូឡា សម្រាប់ការបណ្តាក់ទុនទៅថ្ងៃអនាគត។ 

ការតែងតាំងនេះមិនគ្រាន់តែចេញមកពីភាពជោគជ័យនៃការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់លើសក្តានុពលរបស់យុវជនជំនាន់ក្រោយ ក្នុងការដឹកនាំប្រកបដោយសុចរិតភាព និងភាពច្នៃប្រតិដ្ឋ។ ស៊ូឡា គឺជាគំរូដ៏ល្អនៃគុណតម្លៃទាំងនេះ ហើយខ្ញុំជឿជាក់ថាគាត់នឹងដឹកនាំក្រុមហ៊ុនរបស់យើងឲ្យកាន់តែរីកចម្រើនថែមទៀត។ 

អ្នកឧកញ៉ា គិត ម៉េង សូមអបអរសាទរកូនប្រុស! ដំណើររបស់កូនទៅកាន់តំណែងនេះនឹងមានភាពអស្ចារ្យ ហើយប៉ាមានភាពរីករាយក្នុងការរំពឹងទុកចង់ឃើញឆាប់ៗនេះនូវការរួមចំណែកដ៏ធំធេងដែលកូននឹងធ្វើ ក្នុងឋានៈជានាយកគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ របស់យើង៕

ដោយ ៖ សិលា


ចែករំលែក៖