ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានផ្សាយថា គណៈប្រតិភូនៃគណៈកម្មការកសិកម្មកូរ៉េខាងជើង ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Ri Chol-man បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ក្នុងការផ្លាស់ប្តូរចុងក្រោយរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំរៀបចំផែនការគោលនយោបាយរបស់គណបក្សពលករកូរ៉េកាលពីខែធ្នូឆ្នាំមុន មេដឹកនាំគីម ជុងអ៊ុន បានថ្លែងសុន្ទរកថាជាច្រើនរបស់គាត់ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនផលិតភាពកសិកម្ម ដោយអំពាវនាវឱ្យមានទំនើបកម្មឧបករណ៍កសិកម្ម និងការកែលម្អប្រព័ន្ធធារាសាស្រ្ត។
ខណៈពេលដែលផលិតកម្មកសិកម្មសម្រេចបានជោគជ័យខ្លះ កូរ៉េខាងជើងបានតស៊ូជាយូរជាមួយការខ្វះខាតស្បៀងអាហារ ដែលមួយផ្នែកដោយសារការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិជាយូរមកលើកម្មវិធីអាវុធ និងគ្រោះមហន្តរាយធម្មជាតិជារៀងរាល់ឆ្នាំ។
ទំនាក់ទំនងរវាងរុស្ស៊ី នឹងកូរ៉េខាងជើងត្រូវបានពង្រឹងយ៉ាងខ្លាំង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចនៅភាគខាងកើតឆ្ងាយរបស់រុស្ស៊ីកាលពីខែកញ្ញា ឆ្នាំ 2023 និងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ ប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាច្រើនចាប់តាំងពីកិច្ចប្រជុំកំពូល ហើយភាពញឹកញាប់បានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ។
មន្ត្រីអាមេរិកនិងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថា ការផ្តោតសំខាន់នៃកិច្ចសហប្រតិបត្តិការជិតស្និទ្ធគឺផ្នែកយោធា ដោយចោទប្រកាន់កូរ៉េខាងជើងថាបានដឹកជញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ ទាំងរុស្ស៊ី និងកូរ៉េខាងជើងបានបដិសេធការចោទប្រកាន់នេះ៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)