ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋឡាវ លោក ថងលុន ស៊ីសុលីត នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ថ្ងៃទី២៣-២៤ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក ថងលុន ស៊ីស៊ីលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកប្រធានរដ្ឋឡាវ នឹងជួបគាល់សវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ លោកប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការ គួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ នឹងពិភាក្សាអំពី ការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផល ប្រយោជន៍រួម។

លោកប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព ព្រមទាំងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីវិបុលភាពរួមនៃ ប្រទេសទាំងពីរ៕

ដោយ ៖ សិលា


ចែករំលែក៖