ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានយកគ្រាប់មកដំលេងក៏ផ្ទុះបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័មកាលពីល្ងាចថ្ងៃទី ២១ មេសា ឆ្នាំ ២០២៤ម្សិលមិញ នៅចំណុចដេប៉ូខ្សាច់មួយកន្លែងក្បែរស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ឡុង ធី ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករលើកខ្សាច់-ឥដ្ឋ ។ តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មករលើកខ្សាច់-ឥដ្ឋ ស្នាក់នៅកន្លែងកើតហេតុខាងលើថា មុនកើតហេតុពួកគេបានសម្រាកពីការងារ ដោយ មានគ្នា៣នាក់ គឺរូបគេ , ឡុង ធី (សាកសព) និង ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូ ។ បន្ទាប់មកគេបានមកបោកខោអាវ ចំណែកឈ្មោះ ឡុង ធី អង្គុយក្រោមដើមស្វាយក្រោយកន្លែងគិតលុយ នឹងបានឮសូរស្នូរដំដែកបួនដប់ដង ក៏បានឮសូរសំឡេងផ្ទុះឡើងយ៉ាងខ្លាំង ។ ពេលនោះគេក៏បានរត់ទៅមើលឃើញឈ្មោះ ឡុង ធី ដាច់សាច់រយ៉ៃស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកទៅរក្សានៅមន្ទីរ ពេទ្យបង្អែកខេត្តរង់ចាំជំនាញ ធ្វើកោសល្យវិច័យ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ មេសា ក៏មានករណីផ្ទុះគ្រាប់ដូចគ្នានេះដែរ នៅឯក្រុងសែននោរម្យ ខេត្ត មណ្ឌលគិរី ដែលបណ្ដាល ឲ្យមានអ្នកស្លាប់៤នាក់ និងរបួស២នាក់ ៕
ដោយ៖ សូរិយា