ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ លោកឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល រួមជាមួយឯកឧត្តមប្រធាន អនុប្រធាន ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ជំនាន់ទី៩ នៅ វិមាន ៧មករា។
ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល លោកបាននាំមកនូវការផ្តាំសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ ជូនចំពោះសិក្ខាកាម ក៏ដូចមន្រ្តីបម្រើការងារទាំងអស់ ប្រកប ដោយក្តីនឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ ។
លោក ឯក សំអុល បានបញ្ជាក់ថា ការអប់រំនយោបាយដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គឺជាគោលការណ៍ដ៏សំខាន់មួយមិនអាចខ្វះបានដែលគណបក្សយើងបានអនុវត្តតាំងពីដើមរៀងមក សំដៅបណ្តុះបណ្តាលបំពាក់ បំប៉នលើកកម្ពស់ធនធានមនុស្សរបស់គណបក្សដោយ មានរូបភាពនានា និងខ្លឹមសារស្របទៅតាមលក្ខណៈពិសេស និងសំណូមពរនៃដំណាក់កាលនីមួយៗ ៕
ដោយ៖ សូរិយា